(មូស្គូ)៖ ប្រទេសរុស្ស៊ីបានបង្ហាញក្តីសង្ឃឹមរបស់ខ្លួនថា នឹងអាចរៀបចំនូវកិច្ចពិភាក្សាមួយ ជាមួយនឹងលោក ដូណាល់ ត្រាំ ស្តីអំពីស្ថិរភាពជាយុទ្ធសាស្ត្រ ក្នុងនោះរួមមានទាំងបញ្ហាអាវុធនុយក្លេអ៊ែរផងដែរ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡារ៉ូវ ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅក្នុងឱកាសនៃកិច្ចពិភាក្សា និងការឆ្លងឆ្លើយជាមួយអ្នកសារព័ត៌មាននានានៅទីក្រុងមូស្គូ លោក ឡារ៉ូវ បានបញ្ជាក់ថា កិច្ចពិភាក្សាដែលរុស្ស៊ីគ្រោងនឹងរៀបចំជាមួយប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ នឹងពាក់ព័ទ្ធទៅលើ អាវុធប្រភេទ Hypersonic, ខែលការពារមីស៊ីលអាមេរិកនៅតំបន់អឺរ៉ុប, អាវុធអវកាស, និងការធ្វើតែស្តនុយក្លេអ៊ែរជាដើម។
គួរបញ្ជាក់ថារុស្ស៊ីបានបង្ហាញពីជំហរត្រៀមខ្លួនជានិច្ច ចំពោះកិច្ចពិភាក្សាជាមួយលោក ត្រាំ ដើម្បីលើកឡើងពីបញ្ហានានាដែលខ្លួនចង់យកមកដោះស្រាយដូចខាងលើនេះ បន្ទាប់ពីលោក ត្រាំ ស្បថឡើងកាន់តំណែងជាផ្លូវការ។ សម្រាប់បញ្ហាធំៗដែលជារឿងប្រឈមសម្រាប់លោក ដូណាល់ ត្រាំ ក៏ដូចប្រទេសរុស្ស៊ី នឹងអាចដោះស្រាយរួមគ្នានោះ គឺអំពើភេរវកម្ម និងសង្គ្រាមហែកហួរឥតស្រាកស្រាននៅប្រទេសស៊ីរី៕