(អាមេរិក)៖ ក្រុមហ៊ុនលក់ថ្នាំជក់អន្តជាតិ British American Tobacco (BAT) បានប្រកាសនៅថ្ងៃអង្គារនេះថាក្រុមហ៊ុនបានយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការទិញយកក្រុមហ៊ុនលក់ថ្នាំជក់ Reynolds American Inc របស់សហរដ្ឋអាមេរិក ដែលជាគូប្រជែងដ៏ស្វិតស្វាញរបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុន BAT បានបង្កើនទឹកប្រាក់ដល់ទៅ ៤៩.៤ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។
គ្រប់ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Reynold នឹងទទួលបានសាច់ប្រាក់សុទ្ធចំនួន ២៩.៤៤ដុល្លារអាមេរិក និង ០.៥២៦ភាគរយនៃភាគហ៊ុនរបស់ក្រុមហ៊ុន BAT សម្រាប់ភាគហ៊ុននីមួយៗរបស់ពួកគេស្របតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងខាងលើ។ ដោយឡែកកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមហ៊ុន British American Tobacco បានដាក់សំណើក្នុងតម្លៃ ៤៧ពាន់លានដុល្លារដើម្បីទិញយកក្រុមហ៊ុន Reynolds American ប៉ុន្តែត្រូវបានបដិសេធចោលដោយសារតិចពេក៕