(អាមេរិក)៖ អវកាសយានិកនៃបេសកកម្មអាប៉ូឡូ (Apollo) លោក Eugene A. Cernan ជាបុរសចុងក្រោយគេបំផុតដែលបានឈានជើងជាន់លើទីឋានព្រះច័ន្ទ បានទទួលមរណភាពហើយក្នុងអាយុ ៨២ឆ្នាំនៅថ្ងៃចន្ទ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។
ទីភ្នាក់ងារអវកាសណាសា (NASA) បានសរសេរសាររំលែកទុក្ខនៅក្នុងបណ្តាញទំនាក់ទំនងសង្គម Twitter ថា «ពួកយើងមានទុក្ខជាខ្លាំងដោយសារការបាត់បង់ អវកាសយានិកណាសាមួយរូបគឺ លោក Egene Cerna ដែលបានចូលនិវត្តន៍ និងជាវីរៈបុរសចុងក្រោយគេបង្អស់ដែលបានដើរនៅលើផ្ទៃនៃព្រះច័ន្ទ» ក្រោយពេលដែលក្រុមគ្រួសាររបស់អវយានិក នៃបេសកកម្ម Apollo រូបនេះបានប្រកាសថា រូបលោកបានទទួលមរណភាពនៅថ្ងៃចន្ទ បន្ទាប់ពីមានជំងឺឈឺថ្កាត់ជាប់រហូតមក។
យោងតាមក្រុមគ្រួសាររបស់លោក Cernan អវកាសយានិកជើងចាស់រូបនេះបាននិយាយជាចុងក្រោយថា «កាលពីមុនខ្ញុំគ្រាន់តែជាក្មេងម្នាក់ ធំដឹងក្តីឡើងនៅសហរដ្ឋអាមេរិក ជាមួយនឹងក្តីសុបិន្តមួយប៉ុណ្ណោះ។ ថ្ងៃនេះអ្វីដែលសំខាន់ជាងគេបំផុតសម្រាប់ខ្ញុំ គឺបំណងប្រាថ្នារបស់ខ្ញុំក្នុងការជំរុញ និងលើកទឹកចិត្តមនុស្សជំនាន់ក្រោយឲ្យសម្រេចបានក្តីស្រមៃ ដែលស្ទើរតែមិនអាចទៅរួចរបស់ពួកគេរៀងៗខ្លួនឲ្យក្លាយជាការពិត»។
គួរបញ្ជាក់ថាលោក Cernan កើតនៅទីក្រុង Chicago រដ្ឋ Illinios សហរដ្ឋអាមេរិកនាថ្ងៃទី១៤ ខែមីនា ឆ្នាំ១៩៣៤ លោក Eugene Cernan ដែលត្រូវបានគេហៅជាទូទៅថា «Gene» គឺមេបញ្ជាការយានអវកាសនៃបេសកកម្ម Apollo 17 ជាបេសកកម្មបញ្ជូនមនុស្សលើកចុងក្រោយទៅកាន់ព្រះច័ន្ទដែល បានធ្វើឡើងដោយសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៧២ ហើយនៅពេលដែលលោក Cernan ឈានជើងចេញពីយានអវកាស «Challenger» រូបលោកគឺជាបុគ្គលទី១១ ដែលបានដើរនៅលើព្រះច័ន្ទ និងជាបុរសចុងក្រោយគេនៅលើឋានមួយនេះ នៅពេលលោកក្លាយជាអវកាសយានិកក្រោយគេ ដែលបានវិលត្រឡប់ចូលក្នុងយានអវកាសវិញ៕