(អាមេរិក)៖ ចាប់ពី​ការរីកចំរើនឧស្សាហកម្ម រហូតដល់​ការរលាយ​ទឹកកក​នៅតំបន់ប៉ូល​ទាំងពីរ​ និងគ្រោះ​មហន្តរាយ​ទឹកជំនន់​ក៏ខ្លាំងក្លា បានស្តែងឲ្យ​ឃើញថាពិភពលោក​របស់យើង​កំពុងតែស្ថិត​នៅក្នុងដំណាក់​កាល​នៃការប្រែប្រួល​ជាបន្តបន្ទាប់​ឥត​ឈប់ឈរ។ បច្ចុប្បន្ននេះ​ទីភ្នាក់ងារ​អវកាស​ NASA របស់​សហរដ្ឋអាមេរិក​បានបញ្ចេញ​រូបភាព​ដ៏គួរឲ្យតក់ស្លុត​មួយចំនួន​ ដែលត្រូវបានថតយកពីលំហអាកាស នាំឲ្យយើងភ្ញាក់ខ្លួនថា តើ​គ្រោះ​មហន្ត​រាយ​ធម្មជាតិ, មនុស្សលោកយើងនេះ, កត្តាផ្សេងៗ​ដទៃទៀត​បានចូលរួមចំណែក​ធំធេងកម្រិតណា​ក្នុងការផ្លាស់ប្តូរ​ភពផែនដី ​ពីមួយខែ​ទៅមួយខែ, ពីមួយឆ្នាំទៅ​មួយឆ្នាំ, ពីមួយទសវត្សរ៍​ទៅមួយទសវត្សរ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail នៅមុននេះបន្តិចនារសៀល​ថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។

កម្រងរូបភាពខាងក្រោមត្រូវបានហៅថា «Images of Change (រូបភាពនៃការផ្លាស់ប្តូរ)» ប្រៀបធៀប​ផែនដី​តាមរយៈរូបភាព​ពី​អតីតកាល ​​​និង​រូបភាព​នាពេល​បច្ចុប្បន្ន ដើម្បីជួយ​យើងឲ្យ យល់ច្បាស់​អំពីពិភពលោក, បង្កើនជីវភាពរស់នៅ, និងការពារក៏ដូចជាថែរក្សាធម្មជាតិដើម្បីអនាគត។

១៖ រូបភាពនេះ​បង្ហាញថាតើការអភិវឌ្ឍ​នៅទីក្រុងញូដេលី​ នៃប្រទេសឥណ្ឌា​បានផ្លាស់ប្តូរ​ផ្នែកមួយនៃ​ផ្ទៃផែនដី ដែលត្រូវ​បានប្រៀប​ធៀប​គ្នាពីចន្លោះ​ឆ្នាំ១៩៩១ និងឆ្នាំ២០១៦ ហើយនៅក្នុងរយៈ ២៥ឆ្នាំកន្លងទៅនេះ​រដ្ឋធានីញូដេលី​បានឆ្លងកាត់​កំណើន​ដ៏ខ្លាំងក្លា​នៃ​ចំនួ​ន​ប្រជា​ជនរស់​នៅក្នុងទីក្រុង ខណៈវាបានកើន​ឡើងពី ៩.៤លាននាក់រហូតដល់ទៅ ២៥លាននាក់។


២៖ រូបភាពនេះ​បង្ហាញពី​ការប្រែប្រួល​​នៃបឹងដ៏ធំ​ឈ្មោះថា «Great Salt Lake» ដែលស្ថិតនៅរដ្ឋ Utah សហរដ្ឋអាមេរិកក្នុងរយៈពេល២៥ឆ្នាំ។ ​កាលពីឆ្នាំ១៩៨៥ ផ្ទៃបឹង​ដ៏ល្បីល្បាញ​នៅអាមេរិក​មួយនេះ​ពោរពេញ​ទៅដោយ​ទឹក ប៉ុន្តែ​២៥ឆ្នាំ​ក្រោយមក​ផ្នែកខាងកើត​នៃបឹង​ ត្រូវបានបែងចែកដោយដីគោក។


៣៖ រូបភាពនេះ​បង្ហាញពី​បម្រែបម្រួល​យ៉ាងឆាប់រហ័ស នៃផ្ទាំងទឹកកក​ដ៏ធំល្វឹង​ល្វើយ​នៃកោះហ្គ្រីនលែន​ដែលស្ថិតនៅ​ប៉ូលខាងជើងផែនដី ដោយ​ចាប់ពី​ឆ្នាំ២០១៤ ទៅឆ្នាំ២០១៦ វាបាន​ចាប់ផ្តើម​រលាយនៅ​ក្នុងល្បឿនយ៉ាងលឿន​ជារៀងរាល់​រដូវស្លឹកឈើជ្រុះ ឬមួយក៏​ដើម​រដូវក្តៅ ហើយ​កម្រិត​នៃការរលាយ​ផ្ទាំងទឹកកក​នៅហ្រ្គីនលែន បានឈាន​ដល់កម្រិត​គួរឲ្យកត់សម្គាល់​កាលពី​ឆ្នាំ២០១៦។


៤៖ តំបន់ពណ៌​បៃតងចាស់​នៅក្នុងរូបភាព​នេះ​ តំណាងឲ្យទេសភាព​ធម្មជាតិ​នៃតំបន់​ព្រៃ Baban Rafi ដ៏ពិសេស​មួយកន្លែង​នៃប្រទេស Niger ដែលស្ថិត​នៅទ្វីបអាហ្រ្វិក​ជាប់ព្រំដែន​ភាគខាង​ជើង​​ប្រទេស​នីហ្សេរីយ៉ា​ កាលពីឆ្នាំ១៩៧៦ ប៉ុន្តែមកដល់​ឆ្នាំ​២០០៧​ តំបន់ទាំងនេះ​ត្រូវបាន​កាត់បន្ថយ​​យ៉ាងខ្លាំង ដោយសារ​តែការកើនឡើង​នៃចំនួនប្រជាជន​នៅក្នុង​តំបន់នោះ។


៥៖ រូបភាពនេះបង្ហាញពីការប្រែប្រួលនៃ​កម្រិតលំហូរទឹកចាប់ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ២០០៧ នៅក្នុងទន្លេ Colorado ដែលស្ថិតនៅភាគនិរតីភាគ​សហរដ្ឋអាមេរិក និងភាគខាងជើងប្រទេសម៉ិកស៊ីកូ។


៦៖ រូបភាពនេះបង្ហាញពីការរលាយដុំទឹកកកយក្ស Helheim នៅក្នុងកោះហ្គ្រីនលែន ដែលបាន​រលំទៅ​បំណែក​ផ្ទាំងទឹកកក​តូច​ និងធំចាប់​ពីឆ្នាំ២០០១​ ដ​ល់ឆ្នាំ២០០៥។


៧៖ នាឆ្នាំ២០១៦កន្លងទៅ ប្រទេសបូលីវី​បានរកឃើញ​ថា​ បឹងដែល​មានទំហំធំ​ជាងគេទីពីរ​របស់ខ្លួន​ឈ្មោះថា «Lake Poop» បានរីងហួ​តហែង​ម្តង​ទៀត ដោយនៅ​ក្នុងរយៈពេល​បីឆ្នាំចុង​ក្រោយនេះ​ បឹងមួយនេះ​បានជួបប្រទះ​ភាពរាំងស្ងួត ព្រមទាំង​ការបូម​យកទឹក​សម្រាប់ការ​ជីកយករ៉ែ​​ និងការធ្វើកសិកម្ម។


៨៖ រូបភាពចុងក្រោយនេះរបស់ NASA បង្ហាញពី​ការជន់លិច​នៃទន្លេ Ganges ក្នុងប្រទេសឥណ្ឌា ដោយ​ចាប់ពី​ឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦ ការ​ធ្លាក់ភ្លៀង​ខ្លាំង​បានបង្កឲ្យមានការជន់​លិច​ដ៏អាក្រក់​នៅតាម​ដងទន្លេ Genges និងទន្លេដទៃៗផ្សេងទៀតនៅភាគខាងកើត និង​ភាគកណ្តាល​​នៃប្រទេស​តំបន់​អាស៊ីខាងត្បូង​មួយនេះ ហើយបាន​សម្លាប់មនុស្ស​រាប់រយនាក់ និងធ្វើឲ្យប្រជាជន ៦លាននាក់ទៀត​រងផល​ប៉ះពាល់។


ជាចុងបញ្ចប់ទីភ្នាក់ងារអវកាស NASA បានលើកឡើងដូច្នេះថា «ចំណេះដឹង​ទាំងអស់​នេះ​ស្តី​អំពី​ផែនដី​ ដែលជា​ភពកំណើត​របស់ពួកយើង ​នឹងអនុញ្ញាត​ឲ្យអ្នក​តំណាងរាស្រ្ត, ទីភ្នាក់ងារ​រដ្ឋាភិបាល, និងអ្នកចូល​រួមពាក់ព័ន្ធ​ទាំងអស់ ធ្វើការសម្រេច​ចិត្តនានា​​​ប្រកប​ដោយ​​​ព័ត៌មាន​​គ្រប់ជ្រុង​ជ្រោយ ទៅលើបញ្ហា​សំខាន់ៗ​ដែលកើតមាន​ឡើងជុំវិញ​ពិភពលោក»