(អង់គ្លេស)៖ មានការលើកឡើងមួយចំនួនថា ចក្រភពអង់គ្លេសនឹងមិនចាកចេញពីសហភាពអឺរ៉ុបទាំងស្រុងនោះឡើយ ដោយកិច្ចព្រមព្រៀង និងទំនាក់ទំនងសំខាន់ៗលើផ្នែកមួយចំនួន នឹងនៅតែបន្តដំណើរការដូចមុន ប៉ុន្តែជុំវិញការលើកឡើងនេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី ធេរេសា ម៉េយ (Theresa May) បានបញ្ជាក់ថា «មិនអាចមានសមាជិកភាពណាមួយនៅបន្ត ក្រោយការចាកចេញរបស់អង់គ្លេសឡើយ»។ នេះបើតាមការចេញផ្សាយដោយ BBC នារសៀលថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។
លោកស្រី ម៉េយ បានអះអាងថា អង់គ្លេសចង់ចាកចេញពីសហភាពអឺរ៉ុប ឲ្យបានល្អបំផុត (១០០ភាគរយ) ដោយមិនមែនចេញពាក់កណ្តាល ហើយទុកនៅពាក់កណ្តាលនោះឡើយ។ នៅពេលខាងមុននេះលោកស្រី ត្រូវបានគេរំពឹងទុកថានឹងបង្កើតការចរចាមួយ ដែលមាន ១២គោលដៅ ហើយសម្រាប់អ្វីដែលរដ្ឋាភិបាលអង់គ្លេសត្រូវធ្វើជាបន្តទៀតនោះ គឺកិច្ចពិភាក្សាមួយអំពីការចាកចេញពីសហភាពអឺរ៉ុប ដែលនឹងគ្រោងធ្វើឡើងជាផ្លូវការនៅចុងខែមីនា។ វាក៏នឹង លើកឡើងអំពីអ្វីដែលអង់គ្លេសចង់រក្សាឲ្យបាន ក្រោយការចាកចេញពីសហភាពអឺរ៉ុបផងដែរ។
ទោះបីជាអង់គ្លេសចង់បានការអនុវត្តន៍សេដ្ឋកិច្ចទីផ្សារឯករាជ្យនៅថ្ងៃអនាគតក៏ដោយ ក៏មេដឹកនាំអឺរ៉ុបជាច្រើនបាននិយាយថា អង់គ្លេសមិនអាចធ្វើបែបនេះបានឡើយ ប្រសិនបើចក្រភពនេះធ្វើការរឹតបន្តឹងការធ្វើដំណើររបស់ប្រជាជនអឺរ៉ុប។ លោកស្រី ម៉េយ បានបង្ហាញគោលជំហររបស់ខ្លួនតាំងពីដើមរៀងមកថា ជនភៀសខ្លួនជាបញ្ហាចំបងដែលលោកស្រីត្រូវដោះស្រាយ៕