(សេអ៊ូល)៖ អតីតអគ្គរដ្ឋទូតរងកូរ៉េខាងជើងប្រចំាទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស លោក ថែ យ៉ុង ហូ (Thae Yong Ho) បាននិយាយថា មន្ត្រីទូតកូរ៉េខាងជើងជាន់ខ្ពស់ជាច្រើននាក់ផ្សេងទៀត នៅតាមបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប ត្រូវបានគេរំពឹងថានឹងអាចរត់ភៀសខ្លួនមកសុំជ្រកកោននៅកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។
លោក ថែ យ៉ុង ហូ បានរត់ភៀសខ្លួនមកកាន់កូរ៉េខាងត្បូងកាលពីខែសីហា ឆ្នាំ២០១៦ ហើយចាប់តាំងពីខែធ្នូ ឆ្នាំដដែល លោក ថេ បានបង្ហាញមុខជាសាធារណៈនៅចំពោះមុខអ្នកសារព័ត៌មាន ក៏ដូចជាកម្មវិធីទូរទស្សន៍ ដែលផ្ដោតទៅលើប្រធានបទស្ដីពីការរត់ភៀសខ្លួនមកកាន់ទីក្រុងសេអ៊ូល និងជីវិតក្នុងនាមជាមន្ត្រីទូតកូរ៉េខាងជើងរបស់លោកកាលពីអតីតកាល។
អតីតអគ្គរដ្ឋទូតរងកូរ៉េខាងជើងរូបនេះ បានកត់សម្គាល់ថា «មន្ត្រីទូតកូរ៉េខាងជើងជាច្រើននាក់ បានរត់ភៀស ខ្លួនមកកាន់កូរ៉េខាងត្បូងនាពេលថ្មីៗនេះ (...) ខ្ញុំមិនមែនជាមនុស្សតែម្នាក់ដែលរត់ពីអឺរ៉ុប មកជ្រកកោននៅកូរ៉េខាងត្បូងនោះទេ ក៏ប៉ុន្តែនៅមានមន្ត្រីទូតកូរ៉េខាងជើងដ៏ទៃទៀត កំពុងរង់ចាំរត់មកកាន់ទីនេះ (...) ហើយក្នុងចំណោមមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងទាំងនោះ មានតែខ្ញុំម្នាក់ប៉ុណ្ណោះបានបង្ហាញខ្លួន ជាសាធារណៈ»។
គួររំលឹកថា លោក ថេ យ៉ុង ហូ មានអាយុ ៥៤ឆ្នាំធ្លាប់និយាយជាសាធារណៈថា លោកមិនពេញចិត្តចំពោះការដឹកនាំរបស់លោក គីម ជុងអ៊ុន ទើបលោកសម្រេចចិត្តរត់មកជ្រកកោនជាមួយកូរ៉េខាងត្បូង ហើយចលនានេះគឺជាលើកដំបូងបំផុត គិតចាប់តាំងពីមន្ត្រីកំពូលកូរ៉េខាងជើងផ្នែកមនោគមន៍វិជ្ជារបស់ គណបក្សពលករ លោក Hwang Jang Yop បានរត់ភៀសខ្លួនមកកាន់កូរ៉េខាងត្បូងនៅឆ្នាំ១៩៩៧៕