(បាងកក)៖ ទឹកជំនន់ដ៏ខ្លាំងក្លាដែលបានវាយលុកបណ្តាខេត្តភាគខាងត្បូងប្រទេសថៃ នៅអំឡុងដើមឆ្នាំ២០១៧នេះ មិនត្រឹមតែបានផ្តាច់ជីវិតប្រជាជន ៤១នាក់ប៉ុណ្ណោះទេ វានៅបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើនសរុបជាទឹកប្រាក់ជាង ៧៧៣លានដុល្លារសហរដ្ឋអាមេរិក ខណៈអាជ្ញាធរឧតុនិយមបានប្រកាសថា ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងត្បូង នឹងកើតមានបន្ថែមទៀតពីថ្ងៃទី១៨-២២ ខែមករា។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។
កាលពីថ្ងៃចន្ទអ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថានាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូ បានបញ្ជាឱ្យក្រុមមន្ត្រីរបស់លោក ចាត់វិធានការទប់ទល់នឹងគ្រោះទឹកជំនន់ បង្កឡើងដោយភ្លៀងធ្លាក់ខ្លំាងដែលអាចនឹងកើត ឡើងនៅខេត្តភាគខាងត្បូងប្រទេស ព្រមទាំងផ្ដល់ព័ត៌មានដល់ប្រជាជននៅក្នុងតំបន់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក៏ដូចជាតាមដានជានិច្ចរាល់ព័ត៌មានវិវត្តន៍ និង សេចក្ដីប្រកាសរបស់រដ្ឋាភិបាលស្ដីពីការព្យាករណ៍អាកាសធាតុ។
គួរបញ្ជាក់ថា នៅក្នុងខេត្ត Surat Thani ក្រុមអាជ្ញាធរថៃ បានចុះធ្វើអធិការកិច្ចនៅកសិដ្ឋានចិញ្ចឹមសត្វក្រពើជាង ៤២កន្លែង នៅក្នុងស្រុកចំនួន៧ ដោយខ្លាចក្រែង សត្វក្រពើច្រើនជាង ៤,០០០ ក្បាល អាចនឹងរួចពីចេញពីកសិដ្ឋានទាំងនេះ នៅក្នុងករណីមានទឹកជំនន់៕