(អ៊ីស្ដង់ប៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយតួកគីបានរាយការណ៍ថា ជនសង្ស័យដ៏សំខាន់ពាក់ព័ន្ធនឹងការបាញ់ប្រហារសម្លាប់មនុស្ស ៣៩នាក់ នៅក្លឹបរាត្រីមួយកន្លែងក្នុងទីក្រុងអ៊ីស្ដង់ប៊ូល កាលពីថ្ងៃឆ្លងឆ្នាំសកលកន្លងទៅ ត្រូវបានអាជ្ញាធរតួកគីចាប់ខ្លួនហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។
យោងតាមស្ថានីយ៍ទូរទស្សន៍តួកគី NTV កងកម្លាំងរក្សាសណ្ដាប់ធ្នាប់តួកគី បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ Abdoulgadhir Macharipov មានដើមកំណើតពីប្រទេសអ៊ូបេគីស្ថាន ដែលត្រូវបានគេចោទប្រកាន់ថាជាមេក្លោងដឹកនាំការវាយប្រហារភេរវកម្មបាញ់ប្រហារនៅឯក្លឹបរាត្រី Reina ក្នុងទីក្រុងអ៊ីស្ដង់ប៊ូល កាលពីថ្ងៃឆ្លងឆ្នាំសកលកន្លងទៅ។ ប្រភពដដែលបានបញ្ជាក់ទៀតថា Abdoulgadhir ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបតិ្តការមួយនៅថ្ងៃចន្ទម្សិលមិញ នៅក្នុងសង្កាត់ Esenyurt នៃទីក្រុងអ៊ីស្ដង់ប៊ូល ជាទីដែលរូបគេកំពុងស្នាក់ក្នុងផ្ទះរបស់អ្នករួមគំនិតម្នាក់ទៀត ជាជនជាតិកៀហ្ស៊ីស៊ីស្ថាន បន្ទាប់ពីត្រឡប់មកកាន់ទីក្រុងអ៊ីស្ដង់ប៊ូលវិញកាលពីបីថ្ងៃមុន។
គួរបញ្ជាក់ថាគិតមកទល់ពេលនេះ អាជ្ញាធរតួកគីបានចាប់ខ្លួនមនុស្សសរុប ០៥នាក់ហើយ ក្នុងនោះរួមមានទាំងជនសង្ស័យឈ្មោះ Abdoulgadhir និងមិត្តភក្តិម្នាក់របស់គេជាជនជាតិកៀហ្ស៊ីស៊ីស្ថាន និងស្រ្តីបីនាក់ក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតជុំវិញការបាញ់ប្រហារសម្លាប់មនុស្ស ៣៩នាក់ និង ៦៩នាក់រងរបួសនៅឯក្លឹបរាត្រី Reina ក្នុងទីក្រុងអ៊ីស្ដង់ប៊ូលកាលពីថ្ងៃឆ្លងឆ្នាំសកល៕