(ន័រវេស)៖ កងម៉ារីនរបស់សហរដ្ឋអាមេរិកប្រមាណ ៣០០នាក់បានធ្វើដំណើរមកដល់ប្រទេសន័រវេសនៅថ្ងៃចន្ទម្សិលមិញ (ម៉ោងក្នុងទីក្រុងអូស្លូ) និងបន្តរក្សាវត្តមាននៅទីនោះក្នុងរយៈពេលរហូតដល់ ០៦ខែ ខណៈដែលការចល័តបែបនេះ គឺជាលើកទីមួយហើយចាប់តាំងពីសង្រ្គាមលោកលើកទីពីរមក ដែលកងកម្លាំងយោធាបរទេសត្រូវបានអនុញ្ញាតឲ្យឈរជើងនៅក្នុងប្រទេសអឺរ៉ុបខាងជើងមួយនេះ ហើយវាក៏អាចជាការរុកគួនប្រទេសរុស្ស៊ីដែលជាអ្នកជិតខាងរបស់ន័រវេសផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។
កងម៉ារីនខាងលើដែលធ្វើដំណើរមកពីមូលដ្ឋានទ័ព Camp Lejeune ក្នុងរដ្ឋ North Carolina បានមកដល់អាកាសយានដ្ឋាន Vaernes ដែលគ្របដណ្តប់ទៅដោយព្រិលទឹកកកនៅក្បែរទីក្រុងដ៏ធំទីបី Trondheim របស់ប្រទេសន័រវេសដែលជាកន្លែងមានសីតុណ្ហភាពដ៏ត្រជាក់បំផុត។ កងកម្លាំងរបស់សហរដ្ឋអាមេរិកនឹងបន្តស្ថិតនៅប្រទេសន័រវេសសម្រាប់រយៈពេលមួយឆ្នាំ ជាមួយនឹងក្រុមម៉ារីនថ្មីដែលនឹងមកជំនួសកងម៉ារីនប្រហែល៣០០នាក់នេះ ដែលត្រូវត្រឡប់ទៅមាតុភូមិវិញនៅ ០៦ខែក្រោយ ហើយពួកគេនឹងស្នាក់នៅមូលដ្ឋានយោធា Vaernes ស្ថិតនៅចម្ងាយប្រមាណ១,៥០០គីឡូម៉ែត្រ ពីព្រំប្រទល់ប្រទេសរុស្ស៊ី ដើម្បីសិក្សាអំពីយុទ្ធសាស្រ្តធ្វើសង្រ្គាមនារដូវត្រជាក់។
អ្នកនាំពាក្យយោធាន័រវេសបានបញ្ជាក់ថា ប្រតិបត្តិការខាងលើ និងការព្រួយបារម្ភរបស់អង្គការ NATO ចំពោះប្រទេសរុស្ស៊ីគឺមិនពាក់ព័ន្ធគ្នាឡើយ ក៏ប៉ុន្តែការបញ្ចូនកងម៉ារីនប្រមាណ ៣០០នាក់នេះត្រូវបានធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិកបញ្ចូនទ័ពជាច្រើនពាន់នាក់ ទៅកាន់ប្រទេសប៉ូឡូញ ដើម្បីបង្កើនសាច់ដុំបណ្តាសម្ព័ន្ធមិត្តរបស់ ខ្លួននៅអឺរ៉ុបខាងកើត ដែលកំពុងព្រួយបារម្ភអំពីសកម្មភាពរបស់ទីក្រុងម៉ូស្គូ។
កាលពីចុងឆ្នាំ២០១៦ រថយន្តពាសដែក ដែលផ្ទុកពេញដោយទ័ពម៉ារីនរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ព្រៃស្រល់ដ៏ស្ងាត់ជ្រងំ ជាមួយនឹងសីតុណ្ហភាព ត្រជាក់ ក្រោមសូន្យអង្សាទៅកាន់តំបន់មួយ ដែលស្ថិតនៅឆ្ងាយពីខ្សែបន្ទាត់នៃតំបន់អាក់ទិក ខណៈដែលមាន Drone មិនស្គាល់អត្តសញ្ញាណ កំពុងហោះសំកាំងពីលើពួកគេ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៤កន្លងទៅនេះ ប្រទេសរុស្ស៊ីបានបោះជំហានទៅរកការឈ្លានពានតំបន់ដែលពួកគេចង់បាន ព្រមទាំងអាចប្រើប្រាស់អំណាចយោធានៅទីនោះ ហើយនេះជាហេតុផលដែលឲ្យអាមេរិកត្រូវផ្លាស់ប្តូរការផ្តោតការយកចិត្តទុកដាក់ចំពោះប្រទេស អាហ្វហ្គានីស្ថាន ហើយងាកមករួបរួមកម្លាំងការពារជាតិជាមួយសម្ព័ន្ធមិត្តក្នុងអង្គការ NATO វិញ។ មន្ត្រីសន្តិសុខជាន់ខ្ពស់របស់ប្រទេសណ័រវេស បានប្រាប់សារព័ត៌មាន CNN ថាពួកគេមានក្តីបារម្ភជាខ្លាំងពីការគំរាមកំហែងរបស់ប្រទេសរុស្ស៊ី បន្ទាប់ពីវិបត្តិនៅគ្រីមៀ និងតំបន់ភាគខាងកើតអ៊ុយក្រែន ជាកន្លែងដែលក្រុមបះបោរផ្តាច់ខ្លួនរស់នៅដោយមានរុស្ស៊ីនៅពីក្រោយខ្នង៕