(វ៉ាស៊ីនតោន)៖ ភរិយារបស់ភេរវករឈ្មោះ Omar Mateen ដែលជាអ្នកបើកសកម្មភាពវាយប្រហារភេរវកម្មបាញ់សម្លាប់មនុស្ស ៤៩នាក់នៅក្លឹបកម្សាន្តរាត្រីមួយកន្លែងក្នុងទីក្រុង Orlando នៃរដ្ឋ Florida កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ត្រូវបានការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI សម្រេចឃាត់ខ្លួនហើយ នៅថ្ងៃចន្ទម្សិលមិញ ក្រោមបទចោទប្រកាន់ថាបានរំខានដល់ការស៊ើបអង្កេតរបស់តុលាការ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។
យោងតាម New York Times នាង Noor Salaman ត្រូវបានចាប់ខ្លួននៅក្បែរទីក្រុង San Francisco ជាទីដែលនាងកំពុងរស់នៅ។ ក្រុមអ្នកស៊ើបអង្កេតធ្លាប់បានចំណាយពេលវេលាជាច្រើនម៉ោងរួចមកហើយ ដើម្បីសួរចម្លើយរូបនាងបន្ទាប់ពីមានការបាញ់ប្រហារបានកើតឡើង ដោយក្នុងនោះប្ដីរបស់នាងឈ្មោះ Omar Mateen ជាខ្មាន់កាំភ្លើងក៏ត្រូវបានបាញ់សម្លាប់ផងដែរ ក៏ប៉ុន្តែនៅក្នុងអំឡុងពេលសួរចម្លើយនោះ នាង Noor Salaman មិនបានឆ្លើយតាមការពិតនោះទេ។
គួរបញ្ជាក់ថានាង Noor Salaman នឹងត្រូវបង្ហាញខ្លួននៅចំពោះមុខចៅក្រមនៅថ្ងៃអង្គារនេះ នៅឯតុលាការសហព័ន្ធនៃទីក្រុង San Francisco៕