(ហាណូយ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នៅថ្ងៃចន្ទនេះ បានសន្យាផ្តល់នាវាល្បាតថ្មី ចំនួន០៦គ្រឿង ដល់រដ្ឋាភិបាលវៀតណាម នៅអំឡុងពេលដែលលោកកំពុងបំពេញដំណើរទស្សនកិច្ច នៅក្នុងប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ដែលកំពុងមានជម្លោះជាប់គាំង ជាមួយនឹងប្រទេសចិន ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនភាគខាងត្បូង។ នេះបើតាមសារព័ត៌មាន Reuters ចុះផ្សាយនាយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ។
ជប៉ុនជាប្រទេសឈរលំដាប់មុខគេ ក្នុងការប្រឈមមុខនឹងកំណើននៃការចង់បានអំណាចរបស់ចិន និងភាពមិនប្រាកដប្រជានៃការផ្លាស់ប្តូរគោលនយោបាយ របស់លោក Donald Trump ដែលនឹងឡើងកាន់អំណាច ជាប្រធានាធិបតីសហរដ្ឋអាមេរិក នាពេលឆាប់ៗនេះ។
«យើងនឹងគាំទ្រយ៉ាងពេញទំហឹង លើការពង្រឹងសមត្ថភាព នៃការអនុវត្តច្បាប់ជើងទឹករបស់វៀតណាម» នេះបើតាមសម្តីលើកឡើង របស់លោក Abe ហើយបានសង្កត់ធ្ងន់ថា ជម្លោះស្តីពីបញ្ហាសមុទ្រចិនភាគខាងត្បូង គួរតែធ្វើការដោះស្រាយ តាមរយៈការពិភាក្សា និងយោងទៅតាមច្បាប់អន្តរជាតិ។
ចិន បានអះអាងស្ទើរតែទាំងស្រុង នៃតំបន់សមុទ្រចិនភាគខាងត្បូង ជាកម្មសិទ្ធិរបស់ខ្លួន ដែលមានតម្លៃទឹកប្រាក់ប្រមាណ៥ពាន់ពាន់លានដុល្លារ សហរដ្ឋអាមេរិក តាមរយៈការធ្វើពាណិជ្ជកម្ម ឆ្លងកាត់តាមដែនសមុទ្រនេះ ជារៀងរាល់ឆ្នាំ។ វៀតណាម និងប្រទេសចំនួន០៤ទៀត ក៏បានលើកឡើងដែរថា ពួកគេក៏មានសិទ្ធិ នៅក្នុងតំបន់សមុទ្រនេះផងដែរ ដោយជឿជាក់ថា ដីក្រោមបាតសមុទ្រ ជាប្រភពនៃរ៉ែប្រេង និងឧស្ម័ន។
រដ្ឋាភិបាលទីក្រុង Tokyo មិនមានមហិច្ចតា ដណ្តើមយកទឹកដីនៅទីនោះទេ ប៉ុន្តែមានការព្រួយបារម្ភ ខ្លាចកំណើនយោធារបស់ចិន លុកលុយដល់ដែនសមុទ្ររបស់ខ្លួន។ ជប៉ុន មានជម្លោះដាច់ដោយឡែកមួយជាមួយចិន ពាក់ព័ន្ធនឹងបញ្ហាតំបន់ប្រជុំកោះ នៅសមុទ្រចិនភាគខាងកើត។
នាវាល្បាតសមុទ្រថ្មីចំនួន០៦គ្រឿងនេះ មានតម្លៃសរុបប្រមាណ៣៨.៥ពាន់លានយេន ស្មើនឹង៣៣៨លានដុល្លារសហរដ្ឋអាមេរិក ហើយវៀតណាមនឹងទទួលបានប្រាក់ កម្ចីសម្បទាន ដើម្បីធ្វើការបង់ចំពោះជប៉ុនវិញ។ មិនទាន់មានការកំណត់កាលបរិច្ចេទ ចំពោះការបញ្ជូននាវាទៅវៀតណាមនោះទេ ខណៈបញ្ហានេះមិនទាន់ត្រូវបានពិភាក្សា។
សូមជំរាបថា កាលពីពេលកន្លងទៅជប៉ុន បានព្រមព្រៀងក្នុងការផ្តល់នាវាល្បាតចាស់ ចំនួន០៦គ្រឿងផងដែរ ឲ្យទៅប្រទេសវៀតណាម៕