(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានកត់សម្គាល់នៅថ្ងៃចន្ទនេះថា ជោគវាសនារបស់អឺរុប គឺស្ថិតនៅក្នុងដៃអឺរ៉ុប ហើយការលើក ឡើងបែបនេះធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងការអាត្ថាធិប្បាយ របស់ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ ដែលយល់ថា ប្រទេសអឺរ៉ុបដ៏ទៃទៀត អាចនឹងចាកចេញពីសហភាពអឺរ៉ុបតាមប្រទេសអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រី នូវែលសេឡង់ លោកស្រី Angela Merkel បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថាយើង អឺរ៉ុបគឺជាអ្នកកណ្ដាប់វាសនាខ្លួនឯងនៅក្នុងដៃ ហើយខ្ញុំនឹងនៅតែបន្តប្ដេជ្ញាចិត្ត ក្នុងការធ្វើការងាររួមគ្នាជាមួយបណ្ដាប្រទេសជាសមាជិកទាំង២៧ នៃសហភាពអឺរ៉ុប ដើម្បីឆ្ពោះទៅរកអនាគតថ្មី ក៏ដូចជាប្រឈមមុខនឹងបញ្ហាប្រឈម នៅស.វទី២១នេះ»។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា នៅពេលអ្នកសារព័ត៌មាន សួរពាក់ព័ន្ធនឹងការរិះគន់ពីសំណាក់លោក ដូណាល់ ត្រាំ លើគោលនយោបាយជនអន្ដោប្រវេសន៍របស់លោកស្រី អធិការបតីអាល្លឺម៉ង់រូបនេះ បានត្រឹមតែនិយាយថា «ខ្ញុំគឺជាបុគ្គលម្នាក់ ដែលកំពុងទន្ទឹមរង់ចាំពិធីតែងតាំង ប្រធានាធិបតីអាមេរិកថ្មី (លោក ដូណាល់ ត្រាំ) បន្ទាប់មកយើងនឹងធ្វើការងារជាមួយគាត់គ្រប់កំរិតទាំងអស់»។
គួររំលឹកថា នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអង់គ្លេស The Times និងសារព័ត៌មានអាល្លឺម៉ង់ The Bild នៅថ្ងៃអាទិត្យ ម្សិលមិញ លោក ដូណាល់ ត្រាំ បាន សារទរចំពោះការសម្រេចចិត្តដ៏វៃឆ្លាតរបស់អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ហើយថែមទំាងបានសន្យានឹងគាំទ្រដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងឡុងដ៏។ ជាងនេះទៅទៀតមហាសេដ្ឋីអចលនទ្រព្យរូបនេះ ក៏បានរិះគន់ផងដែរ លើនយោបាយអន្តោប្រវេសន៍របស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ថា «ជាគ្រោះមហន្តរាយមួយ» ខណៈលោកបានហៅអង្គការណាតូ ជាវត្ថុហួសសម័យប្រើលែងកើត៕