(នីហ្សេរីយ៉ា)៖ មនុស្សយ៉ាងហោចណាស់ចំនួន ០៥នាក់បានបាត់បង់ជីវិត និងមិនតិចជាង ១៥នាក់ឡើយ បានទទួលរងរបួសយ៉ាងដំណំ ក្រោយការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតទៅលើសាកលវិទ្យាល័យ Maiduguri ស្ថិតនៅក្នុងរដ្ឋ Borno ភាគឦសានប្រទេសនីហ្សេរីយ៉ានៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងនៅទីក្រុង អាប៊ូចា)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។
មន្រ្តីប៉ូលិសនីហ្សេរីយ៉ា លោកស្នងការ Damian Chukwu បានបញ្ជាក់ថា មនុស្សប្រាំនាក់បានស្លាប់ភ្លាមៗនៅពេលការផ្ទុះបានកើតឡើង ដោយមានរួមបញ្ចូលទាំងសាស្រ្តាចារ្យមួយរូបនៃសាកលវិទ្យាល័យខាងលើនេះផងដែរ ហើយជនរងគ្រោះទាំង ១៥នាក់ផ្សេងទៀតដែលរងរបួស ត្រូវបានជម្លៀសខ្លួនចេញពីកន្លែងកើតហេតុ ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុតជាបន្ទាន់ ។
គួរបញ្ជាក់ថាទីក្រុង Maiduguri ធ្លាប់បានទទួលរងការវាយប្រហារជាច្រើនដងមកហើយ ប៉ុន្តែលើកនេះគឺជាការវាយប្រហារដំបូងគេបំផុតទៅលើសាកលវិទ្យាល័យ ដែលជាស្នាដៃរបស់ក្រុមជ្រុលនិយមអ៊ីស្លាម Boko Haram ដែលបានសម្លាប់ជីវិតមនុស្សមិនក្រោម ២០,០០០នាក់នោះឡើយនៅក្នុងប្រទេសនីហ្សេរីយ៉ានារយៈពេល ០៧ឆ្នាំចុងក្រោយនេះ៕