(បាងកក)៖ វិសោធនកម្មរដ្ឋធម្មនុញ្ញបណ្ដោះអាសន្នដោយសភាថៃ បានចូលជាធរមានហើយនៅថ្ងៃចន្ទនេះ ដោយវានឹងផ្ដល់អំណាចដល់ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ក្នុងការសម្រេចព្រះទ័យតែងតាំង ឬមិនតែងតាំងស្តេចរាជានុសិទ្ធិ ក្នុងករណីដែលទ្រង់មិនគង់នៅក្នុងប្រទេស ឬមិនអាចបំពេញរាជកិច្ចបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។
ព្រះមហាក្សត្រថៃព្រះបាទ មហា វិច្ឆិរ៉ាឡុងកន បានយល់ព្រមអនុម័តលើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃរបបយោធាថៃនៅថ្ងៃអាទិត្យម្សិលមិញ។ គួរបញ្ជាក់ថាអនុឡោមតាមរដ្ឋធម្មនុញ្ញចាស់ ប្រធានក្រុមប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រថៃមានសិទ្ធិដោយស្វ័យប្រវត្តិ ក្នុងការជ្រើសរើសស្តេចរាជានុសិទ្ធិ នៅក្នុងករណីអវត្តមានអង្គព្រះមហាក្សត្រ ក៏ប៉ុន្តែផ្អែកលើការធ្វើសោធនកម្មរដ្ឋធម្មនុញ្ញនេះ អំណាចតែងតាំងរាជានុសិទ្ធិគឺអាស្រ័យទាំងស្រុងលើព្រះរាជាដែលគ្រងរាជ្យ ទោះបីទ្រង់ស្ថិតនៅទីណា ឬមានស្ថានភាពបែបណាក៏ដោយ។
បន្ថែមពីនេះវាក៏នឹងអនុញ្ញាតផងដែរដល់នាយករដ្ឋមន្ត្រី ក្នុងការស្នើសុំត្រឡប់មកវិញនូវសេចក្ដីព្រាងរដ្ឋធម្មនុញ្ញពីព្រះមហាក្សត្រដើម្បីធ្វើវិសោធនកម្ម អនុឡោមតាមការយល់ឃើញរបស់ព្រះរាជា។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីនេះ នឹងត្រូវបញ្ចប់នៅក្នុងរយៈពេល ៣០ថ្ងៃ តាមឯកសារនានាដែលត្រូវបានបញ្ជូនត្រឡប់ទៅកាន់នាយករដ្ឋមន្ត្រីវិញ៕