(កៀហ្ស៊ីស៊ីស្ថាន)៖ យន្តហោះដឹកទំនិញមួយគ្រឿងរបស់ប្រទេសតួកគីផ្ទុកមនុស្សបួននាក់ បានធ្លាក់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិ Manas ក្បែរទីក្រុងប៊ិសកិក (Bishkek) នៃប្រទេសកៀហ្ស៊ីស៊ីស្ថាននាព្រឹកព្រលឹមថ្ងៃចន្ទនេះ ហើយបានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ចំនួន ៣៧នាក់ ដោយភាគច្រើនគឺជាប្រជាជនកៀហ្ស៊ីស៊ីស្ថាន រស់នៅក្នុងភូមិមួយកន្លែងដែលត្រូវបានយន្តហោះ Boeing 747 នេះធ្លាក់ចំពេញមួយទំហឹងអំឡុងពេលព្យាយាមធ្វើការចុះចត នៅចំពោះមុខផ្ទៃអ័ព្ទដ៏ក្រាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។
យោងតាមផ្នែករដ្ឋបាលនៃអាកាសយានដ្ឋាន Manas យន្តហោះខាងលើត្រូវបានបង្ខំឲ្យចុះចតនៅទីនោះសិន មុននឹងបន្តដំណើររបស់ខ្លួនដែលមានគោលដៅ ពីទីក្រុងហុងកុងនៃប្រទេសចិន ទៅកាន់ទីក្រុងអ៉ីស្តង់ប៊ុលនៃប្រទេសតួកគី ក៏ប៉ុន្តែជាអកុសលវាបានធ្លាក់ នៅពេលដែលកំពុងព្យាយាមធ្វើការចុះចតទាំងនៅក្នុងស្ថានភាពមើលពុំសូវឃើញច្បាស់នាវេលាម៉ោង ៧៖៣១ព្រឹក (ម៉ោងក្នុងទីក្រុងប៊ិសកិក)។
យន្តហោះដ៏ធំនេះបានធ្លាក់ រួចជ្រុលទៅបុកអូសកាត់ចំលើភូមិកើតហេតុខាងលើ ក្នុងចម្ងាយរាប់រយម៉ែត្រ និងបែកខ្លួនវាជាបំណែកយ៉ាងរប៉ាត់រប៉ាយ ហើយថែមទាំងបានធ្វើឲ្យលំនៅឋានប្រមាណ ១៥ខ្នងរងការបំផ្លិចបំផ្លាញទាំងស្រុង និងមនុស្សចំនួន ៣៧នាក់បាត់បង់ជីវិត (ក្នុងនោះ ៣៣នាក់ ជាប្រជាជនក្នុងតំបន់ និង០៤នាក់ជាមនុស្សជិះនៅលើយន្តហោះទាំងអស់រួមទាំងពីឡុត)។
ក្រោយពីកើតហេតុភ្លាមៗអាជ្ញាធរអាកាសចរណ៍កៀហ្ស៊ីស៊ីស្ថាន បានបញ្ជាឲ្យផ្អាកជើងហោះហើរទាំងអស់ ដែលមានគោលដៅចេញ និងចូលព្រលានយន្តហោះ Manas។ សម្រាប់ព័ត៌មានស្តីអំពីប្រអប់ខ្មៅ គឺមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរកៀហ្ស៊ីស៊ីស្ថាននៅឡើយទេ៕