(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ នៅតែបន្តធ្វើការរិះគន់ធ្ងន់ៗលើអង្គការNATO ដោយបានចាត់ទុកអង្គការនេះថាគ្រាន់តែជា «វត្ថុបុរាណហួសសម័យប្រើលែងកើត» ហើយមិនតែប៉ុណ្ណោះលោកថែមទាំងបានបន្ទោសរដ្ឋនានាជាសមាជិកថា មិនបានជួយចំណាយលើការចាយវាយក្នុងវិស័យការពារជាតិរួម និងដាក់បន្ទុកតែទៅលើសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអង់គ្លេស The Times លោក ដូណាល់ ត្រាំ ក៏បានសាទរផងដែរ ចំពោះការសម្រេចចិត្តដ៏វៃឆ្លាតរបស់អង់គ្លេស ក្នុងការចាកចេញពីសហភាពអឺរ៉ុប ព្រមទាំងបានសន្យាគាំទ្រដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងឡុងដ៍ថែមទៀតផង។ ជាងនេះទៅទៀតមហាសេដ្ឋីអចលនទ្រព្យរូបនេះមិនបានភ្លេចឡើយក្នុងការរិះគន់លើ នយោបាយអន្តោប្រវេសន៍របស់អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជេឡា ម៉ាគែល ដោយហៅវាថា «ជាគ្រោះមហន្តរាយមួយ»។
លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំធ្លាប់បាននិយាយតាំងតែពីយូរណាស់មកហើយថា អង្គការ NATO មានបញ្ហា ទីមួយគឺអង្គការនេះហួសសម័យប្រើការលែងកើត ព្រោះវាត្រូវបានបង្កើងតឡើងអស់រយៈពេលរាប់សិបឆ្នាំហើយ តែមិនមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ និងទីពីរបណ្ដាប្រទេសជាសមាជិកមិនបានជួយចេញថ្លៃលើការចាយវាយ ដែលពួកគេត្រូវតែចំណាយនោះទេ ពោលគឺមានប្រទេសតែ ០៥ ប៉ុណ្ណោះបានចេញថ្លៃចាយវាយដែលពួកគេត្រូវធ្វើ... ត្រឹមតែ ០៥ ប្រទេសគឺនៅតិចណាស់»។
គួររំលឹកថាកាលនៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា លោកនឹងគិតឱ្យបានយ៉ាងតិចពីរដងមុននឹងសម្រេចចិត្តថា ជួយសមាជិកណាមួយនៃអង្គការ NATO បើសិនជាសហរដ្ឋអាមេរិកមិនបានទទួលការតបស្នងសមរម្យ ចំពោះការគាំទ្ររបស់ខ្លួនទេនោះ។ ទោះបីជាយ៉ាងនេះក្ដី លោក ត្រាំ ដែលនឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករា បានអះអាងថានៅក្នុងកែវភ្នែករបស់លោក អង្គការ NATO នៅតែមានសារៈសំខាន់៕