(គូឡាឡាំពួរ)៖ ប៉ូលិសម៉ាឡេស៊ីបានចាប់ខ្លួនមនុស្សប្រុស ០៦នាក់ ក្រោមបទចោទប្រកាន់ថាបានចូលរួមក្នុងសកម្មភាពផលិតគ្រាប់បែក ហើយការចាប់ខ្លួនជនសង្ស័យដែលមានអាយុចន្លោះពី ៣០ ទៅ៤០ឆ្នាំទាំងនោះធ្វើឡើងនៅក្នុងប្រតិបត្តិការវាយឆ្មក់មួយនៅក្នុងផ្ទះរបស់ពួកគេ ស្ថិតនៅក្នុងស្រុក Pasir Mas នៃរដ្ឋ Kelantan នៅម៉ោងប្រមាណជា ៤៖០០នាទីព្រឹកថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។
យោងតាមមេបញ្ជាការប៉ូលិសរដ្ឋ Kelantan លោក អាល់ឌុល រ៉សម៉ាន អ៊ីស្មាអែល (Ab Rahman Ismail) នៅក្នុងប្រតិបត្តិការវាយឆ្មក់ប៉ូលិសបានរកឃើញ និងរឹបអូសសារធាតុក៏ដូចជាសម្ភារៈជាច្រើនក្នុងនោះរួមមានទាំងខ្សែភ្លើង និងអាគុយ ដែលត្រូវបានគេជឿជាក់ថា សម្រាប់ប្រើប្រាស់ក្នុងការផលិតគ្រាប់បែក។ ថ្លែងបា្រប់អ្នកសារព័ត៌មានបន្ថែមទៀត លោក អ៊ីស្មាអែល បាននិយាយថា «យើងពុំទាន់ដកការសង្ស័យចំពោះលទ្ធភាព ដែលថាជនសង្ស័យទាំងនេះ អាចមានជាប់ពាក់ព័ន្ធនឹងក្រុម ISIS នោះទេ»។
គួរបញ្ជាក់ថាប្រតិបត្តិការវាយឆ្មក់ខាងលើធ្វើឡើង ចំពេលប៉ូលិសម៉ាឡេស៊ីកំពុងតាមប្រមាញ់បុរសម្នាក់ ក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតជុំវិញការវាយប្រហារលើ អ្នកបើកបររថយន្ដឱ្យតំណាងរាស្ត្រ លោក អាន់ណា មូសា (Annuar Musa) កាលពីថ្ងៃទី១៣ ខែមករា កន្លងទៅនេះ៕