(ភ្នំពេញ)៖ សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បានថ្លែងឲ្យដឹងថា ភាគីជប៉ុនតាមរយៈ លោក រីហ្សិអណុយ៉ា ប្រធានសមាគមមិត្តភាពសភាជប៉ុន-មេគង្គ បានវាយតម្លៃខ្ពស់ចំពោះការបោះឆ្នោតនៅកម្ពុជា។ លោក រីហ្សិអណុយ៉ា បានបញ្ជាក់ឲ្យដឹងថា លោកពិតជាមានមោទនភាពចំពោះកម្ពុជា ពីព្រោះថា កម្ពុជាបានប្រកាន់ខ្ចាប់ នូវការបោះឆ្នោត ដោយលទ្ធិប្រជាធិបតេយ្យតាំងពីឆ្នាំ១៩៩៣។
ប្រធានសមាគមមិត្តភាពសភាជប៉ុន-មេគង្គ ជឿជាក់ថា ការបោះឆ្នោតនៅឆ្នាំ២០១៧ និង២០១៨ខាងមុខនេះ គឺជាការបោះឆ្នោតមួយប្រកបដោយភាពរលូន ត្រឹមត្រឹម និងយុត្តិធម៌ អាចទទួលយកបានទាំងអស់គ្នា។
នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជាបាន ប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបរវាង សម្តេចពញាចក្រី ហេង សំរិន ជាមួយ លោក រីហ្សិអណុយ៉ា ប្រធានសមាគមមិត្តភាពសភាជប៉ុន-មេគង្គ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នាទីស្តីការរដ្ឋសភា។
ក្រៅពីការលើកឡើងពីការបោះឆ្នោតនេះ សម្តេចពញាចក្រី ហេង សំរិន បានសម្តែងការពេញចិត្ត ដោយគិត តាំងពីឆ្នាំ ២០១៣កន្លងមកដែលប្រទេសទាំងពីរបានសម្រេចលើកកំពស់ទំនាក់ទំនងភាពជាដៃគូ។សម្តេច ហេង សំរិន ពិនិត្យឃើញថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុនមានលក្ខណៈស្អិតរមួត និងរលូនទៅមុខ កាន់តែស៊ីជំរៅ ដែលទំនាក់ទំនងល្អនេះ អាចផ្តល់អត្ថប្រយោជន៍ជាក់ស្តែង សំដៅរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ។
ប្រធានរដ្ឋសភា ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះក្រុមសមាគមមិត្តភាពសភាជប៉ុន-មេគង្គ ក្នុងការសហការការងារ។ សម្តេចបានបន្តថា សមាគមនេះបានដើរតួនាទីយ៉ាងសំខាន់ គឺជាសភាមួយដែលបានរួមចំណែកដល់ការឆ្លើយតប នូវតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅតាមប្រទេស និងតំបន់ទន្លេមេគង្គ ដែលស្របទៅតាមគោលការណ៍យុទ្ធសាស្រ្តថ្មីរបស់ក្រុងតូក្យូ២០១៥ សម្រាប់សហប្រតិបត្តិជាមួយជប៉ុន និងប្រទេសអនុតំបន់ទន្លេមេគង្គ។ កិច្ចសហប្រតិបត្តិការនេះ វាបានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ ដល់បណ្តាប្រទេស នៅតាមទន្លេមេគង្គ ជាពិសេសគឺកម្ពុជាផ្ទាល់តែម្តង ដែលកំពុងតែត្រូវការនូវតម្រូវការចាំបាច់ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពទាំងផ្នែករឹង និងផ្នែកទន់។
សម្តេច ហេង សំរិន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុន ដែលបានរួមចំណែកស្វែងរកសន្តិភាព ស្តារកសាងការអភិវឌ្ឍប្រទេសកម្ពុជាហើយប្រទេសជប៉ុនក៏ជាដៃគូសហការក្នុងការជួយហិរញ្ញប្បទានដល់កម្ពុជាផងដែរ។ ប្រធានរដ្ឋសភា បានស្នើឲ្យភាគីជប៉ុន បន្តជួយកម្ពុជាបន្ថែមទៀត ដើម្បីឲ្យកម្ពុជាមានលទ្ធភាពរឹងមាំ ហើយស្នើឲ្យជប៉ុនបន្តជួយជំរុញ និងលើកទឹកចិត្ត ទេសចរពីជប៉ុនមកទស្សនាកម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតប លោក រីហ្សិអណុយ៉ា ប្រធានសមាគមន៍មិត្តភាពសភាជប៉ុន-មេគង្គ បានអរគុណដល់សម្តេចប្រធានដែលបាន ចំណាយពេលវេលា និងអនុញ្ញាតឲ្យ ក្រុមការងារសមាគមមិត្តភាពសភាជប៉ុន-មេគង្គ ចូលជួបសម្តែងការគួរសមនាពេលនេះ។
បន្ថែមពីនេះទៀត លោក រីហ្សិអណុយ៉ា ក៏បានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសអាទិភាពមួយ ក្នុងចំណោមប្រទេសទាំងឡាយនៅបណ្តាប្រទេសអនុតំបន់ទន្លេមេគង្គ ដោយបន្តជំរុញ និងផ្តល់អាទិភាព បន្តជំរុញអភិវឌ្ឍធនធានមនុស្សហើយសមាគមក៏នឹងពិចារណាលើភាពជាក់ស្តែងប្រទេសអនុតំបន់ទន្លេមេគង្គត្រូវការជាក់ស្តែង និងអភិវឌ្ឍន៍ជាក់ស្តែង៕