(សេអ៊ូល)៖ ការស៊ើបអង្កេតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ទៅលើមូលហេតុដែលបានបណ្តាលឲ្យស្មាតហ្វូន Galaxy Note 7 ជាច្រើនគ្រឿងមានបញ្ហានោះ ជាចុងបញ្ចប់បានបញ្ជាក់ថា «ថ្មនៃទូរស័ព្ទដៃនេះ» គឺជាមូលហេតុចម្បងនៃបញ្ហាទាំងអស់រហូតដល់មានផ្អាកការលក់ទាំងស្រុង។ នេះបើតាមការបង្ហើបឲ្យដឹងរបស់ប្រភពជិតស្និទ្ធនឹងរឿងនេះ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។
ប្រភពដែលសុំបដិសេធមិនបញ្ចេញអត្តសញ្ញាណបានបញ្ជាក់ទៀតថា ក្រុមហ៊ុនដែលជាម្ចាស់នៃម៉ូដែលស្មាតហ្វូនដ៏ល្បីល្បាញនៅលើពិភពលោកមួយនេះ ទំនងជានឹងប្រកាសអំពីលទ្ធផលដែលបានរកឃើញពីការស៊ើបអង្កេតនៅថ្ងៃទី២៣ ខែមករា ពោលគឺវានឹងត្រូវធើ្វឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុនចេញសេចក្តីប្រកាសអំពីព័ត៌មានលម្អិតស្តីពីប្រាក់ចំណូល ដែលរកបាននៅត្រីមាសទីបួននៃឆ្នាំ២០១៦។
ម៉្យាងវិញទៀត Samsung ក៏នឹងបង្ហាញឲ្យដឹងពីចំណាត់ការថ្មី ដែលក្រុមហ៊ុនកំពុងតែអនុវត្តន៍ដើម្បីជៀសវាងការកើតមានឡើងនូវបញ្ហាផ្នែកសុវត្ថិភាពផលិតផលជាដដែលៗម្តងទៀតនោះឡើយ នៅក្នុងឧបករណ៍នានាដែលជាពិសេសនោះគឺស្មាតហ្វូន របស់ក្រុមហ៊ុនតែម្តងនាពេលអនាគត។
ក្រោយពេលដែលបានជួបប្រទះនឹងបញ្ហា Samsung បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើយ៉ាងណាធានាឲ្យអតិថិជនមានទំនុកចិត្តថា ផលិតផលរបស់ក្រុមហ៊ុននៅតែមានសុវត្ថិភាពនៅមុខពេលការចេញនូវទូរស័ព្ទដៃ Galaxy S8 ជាស្មាតហ្វូនស៊េរីថ្មី ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងនាពេលណាមួយក្នុង ០៦ខែដំបូងនៃឆ្នាំ២០១៧នេះ។
គួរបញ្ជាក់ថា យោងតាមអ្នកវិនិយោគទុន និងអ្នកវិភាគជាច្រើនរូប វាគឺជារឿងសំខាន់បំផុតចំពោះក្រុមហ៊ុន Samsung ក្នុងការផ្តល់នូវការពន្យល់ឲ្យបានលម្អិត និងគួរឲ្យជឿជាក់បានអំពីអ្វីដែលបានបង្កបញ្ហាយ៉ាងពិតប្រាកដចំពោះស្មាតហ្វូន Galaxy Note 7 និងអំពីវិធីសាស្រ្តរបស់ក្រុមហ៊ុនដែលនឹងទប់ស្កាត់បញ្ហាបែបនេះ មិនឲ្យកើតមានឡើងសាជាថ្មីម្តងទៀតនាពេលអនាគត៕