(កៀហ្ស៊ីស៊ីស្ថាន)៖ យន្តហោះដឹកទំនិញធុនធំមួយគ្រឿងរបស់ប្រទេសតួកគី ដែលចាកចេញពីទីក្រុងហុងកុងនិងធ្លាក់នៅក្បែរទីក្រុង ប៊ីសកិក នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន បានបណ្តាលឲ្យពីឡុតនៅលើនោះម្នាក់ស្លាប់ និងប្រជាជនដែលលំនៅដ្ឋានរបស់ពួកគេត្រូវយន្តហោះធ្លាក់បុកចំចំនួន ១៥នាក់ផ្សេងទៀតក៏បានស្លាប់ផងដែរ ខណៈព័ត៌មានផ្សេងៗទៀតនៅរង់ចាំការពិនិត្យ និងប្រកាសពីរដ្ឋាភិបាលនៃប្រទេសតំបន់អាស៊ីភាគកណ្តាលនេះជាបន្តទៀត។ នេះបើតាមសារព័ត៌មានរុស្ស៊ី Sputnik ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។
គួរបញ្ជាក់ថាយន្តហោះដឹកទំនិញមួយគ្រឿងខាងលើ បានធ្វើដំណើរពីទីក្រុងហុងកុង សំដៅទៅកាន់ប្រទេសតួកគី បានធ្លាក់នៅប្រទេសកៀហ្ស៊ីស៊ីស្ថានជាប់ព្រំដែននឹងប្រទេសចិន និងកាហ្សាក់ស្ថាន ដែលយន្តហោះនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនតួកគី។
ការធ្លាក់នេះបានកើតឡើងនៅពេលដែលយន្តហោះប្រភេទ Boeing 747 បានព្យាយាមធ្វើការចុះចតនៅព្រលានយន្តហោះ Manas របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន ប៉ុន្តែក៏ជ្រុលទៅធ្លាក់ និងបុកចំលើផ្ទះប្រជាជនតែម្តង។ សម្រាប់ព័ត៌មានលម្អិតបន្ថែម នឹងមានការចេញផ្សាយនាពេលបន្តិចទៀត៕