(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសថា ការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD ដែលជាកិច្ចព្រមព្រៀងរវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនកាលពីឆ្នាំមុននោះ នឹងត្រូវធ្វើការពន្យាពេលក្នុងការដាក់ពង្រាយ ដោយមិនបញ្ជាក់ថាពេលណាឲ្យប្រាកដនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានយ៉ុនហាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។
ការសម្រេចបែបនេះបានធ្វើឡើងចំពោះមុខនៃការរិះគន់ និងព្រមានពីសំណាក់មហាយក្សចិន និងរុស្ស៊ី ហើយកូរ៉េខាងជើងក៏នឹងមិនអាចនៅស្ងៀមនោះដែរ។ ទោះបីជាបែបនេះក្តីក៏សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅតែអះអាងថា គំរោងបំពាក់ប្រព័ន្ធ THAAD នៅលើទឹកដីកូរ៉េខាងត្បូង គឺគ្រាន់តែជាការការពារទប់ទល់ទៅនឹងការគំរាមកំហែងផ្នែកអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើងតែប៉ុណ្ណោះ ដោយវាមិនបានបំពាក់ប្រព័ន្ធឈ្លបយកការណ៍ទៅលើមូលដ្ឋានទ័ពចិន និងរុស្ស៊ីដូចការចោទប្រកាន់កន្លងមកនោះឡើយ។
គួរបញ្ជាក់ថាលោក បាន គីមូន អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ និងជាបុគ្គលដែលអ្នកវិភាគមួយចំនួនលើកឡើងថា លោកនឹងអាចឈរឈ្មោះដណ្តើមតំណែងប្រធានាធិបតីកូរ៉េខាងត្បូងនៅឆ្នាំ២០១៧ នេះ កាលពីសប្តាហ៍មុនបានលើកឡើងថា ការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីលនៅកូរ៉េខាងត្បូង ដើម្បីទប់ទល់នឹងបង្កហេតុដោយកូរ៉េខាងជើងនោះ វាគឺជារឿងត្រឹមត្រូវ៕