(ប៉េកាំង)៖ រដ្ឋាភិបាលចិន ជាថ្មីម្ដងទៀតនៅថ្ងៃអាទិត្យនេះ នៅតែប្រកាន់ជំហរថា «គោលនយោបាយចិនតែមួយ» មិនអាចត្រូវបានលើកយកបញ្ហានេះ មកចរចាឡើងវិញជាដាច់ខាត (គឺចិនតែមួយ)។ ការលើកឡើងបែបនេះរបស់ចិន ធ្វើឡើងដើម្បីជាការក្រើនរំលឹក ដល់ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ ដែលបាននឹងកំពុងបង្ហាញពីទំនោរងាកទៅរកកោះតៃវ៉ាន់កាន់តែខ្លាំង ស្របពេលទីក្រុងប៉េកាំង ធ្លាប់បានបញ្ជាក់ម្ដងហើយម្ដងទៀតថា តៃវ៉ាន់ គ្រាន់តែជាផ្នែកមួយនៃទឹកដីរបស់ចិនប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០១៧។
ជុំវិញគោលនយោបាយចិនតែមួយនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង (Lu Kang) នៅក្នុងសន្និសិទសារព័ត៌មានដ៏ខ្លីមួយ បាននិយាយថា «គោលនយោបាយចិនតែមួយ គឺជាដំណើរការនយោបាយនៃទំនាក់ទំនង ចិន-សហរដ្ឋអាមេរិក ដែលមិនអាចត្រូវបានចរចាឡើងវិញជាដាច់ខាត។ ម្យ៉ាងវិញទៀត នៅលើពិភពលោកនេះ មានចិនតែមួយគត់ ចំណែកឯកោះតៃវ៉ាន់គ្រាន់តែជាផ្នែកមួយនៃទឹកដីរបស់ចិនតែប៉ុណ្ណោះ ហើយរដ្ឋាភិបាលសាធារណរដ្ឋប្រជា មានិតគឺជារដ្ឋាភិបាលចិនស្របច្បាប់។ ដូច្នេះយើងទទូចឱ្យ (លោក ដូណាល់ ត្រាំ) មានការគិតគូ និងប្រុងប្រយ័ត្នជាទីបំផុត ចំពោះបញ្ហាកោះតៃវ៉ាន់ ព្រមទំាង គោរពឱ្យបានតាមការអនុវត្តន៍ របស់រដ្ឋាភិបាលអាមេរិកមុនៗ ដើម្បីជៀសវាងការបង្កផលប៉ះពាល់ដល់ការអភិវឌ្ឈន៍ និងស្ថេរភាពនៃទំនាក់ទំនងទ្វេភាគីរវាង ប្រទេសទាំងពីរ»។
គួរបញ្ជាក់ថា ប្រតិកម្មរបស់រដ្ឋាភិបាលចិន នៅពេលនេះធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Wall Street Journal នៅក្នុងសប្ដាហ៍នេះថា គោលនយោបាយចិនតែមួយ អាចនឹងត្រូវបានចរចាជាថ្មីឡើងវិញ៕