(បាងកក)៖ ម៉ាករថយន្តដើរដោយថាមពលអគ្គិសនី ដំបូងបំផុតរបស់ប្រទេសថៃ ទីបំផុតបានបង្ហាញវត្តមានជាលើកទីមួយហើយនៅចំពោះមុខភាពមិនជឿជាក់មួយចំនួន របស់អ្នកជំនាញខាងវិស័យឧស្សាហកម្មមួយរូប ពាក់ព័ន្ធនឹងលទ្ធភាពដែលវាអាចទទួលជោគជ័យ ទៅលើការវាយលុកទីផ្សារនៃម៉ូដែលរថយន្តប្រភេទនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១៧។
ក្រុមហ៊ុនផលិតរថយន្ត Vera Automotive ដែលត្រូវបានបង្កើតឡើងដោយក្រុមវិស្វករថៃចំនួនប្រាំនាក់មកពីវិទ្យាស្ថានបច្ចេកវិទ្យា KMITL នៅបានណែនាំឲ្យពិភពលោកបានស្គាល់នូវយានជំនិះឈ្មោះថា Vera V1 ជារថយន្តដំណើរការដោយថ្មសាកផ្ទុកថាមពល ២២គីឡូវ៉ាត់ក្នុងមួយម៉ោងដែលចុះក្នុងបញ្ជីនាយកដ្ឋានទូរគមនាគមន៍ផ្លូវគោកថៃ ជារថយន្តដឹកអ្នកដំណើរបាន។ រថយន្ត Vera V1 មានល្បឿនជាអតិបរមាដល់ទៅ ១០៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយសម្រាប់ថាមពលថ្មពេញអនុញ្ញាតឲ្យវា ធ្វើដំណើរបានចម្ងាយ ១៨០គីឡូម៉ែត្រ ខណៈថ្មរបស់រថយន្តនេះត្រូវចំណាយរយៈពេល ០៦ម៉ោងដើម្បីសាកឲ្យពេញ។
គួរបញ្ជាក់ថារថយន្តដើរដោយថាមពលអគ្គិសនីខាងលើ ដែលត្រូវបានរចនាឡើងដោយវិស្វករថៃ និងជាម៉ាករបស់ប្រទេសថៃសុទ្ធសាធនេះមានតម្លៃមិនដល់ ១លានបាត ឬប្រហែល ២៨,០០០ពាន់ដុល្លារសហរដ្ឋអាមេរិកក្នុងមួយគ្រឿងនោះឡើយ ដែលនាយកសមាគមយានយន្តអគ្គិសនីប្រទេសថៃ លោក Yossapong Laoonual អះអាងថា ជាតម្លៃដ៏សមរម្យសម្រាប់អតិថិជនថៃទូទៅ៕