(ហ្វីលីពីន)៖ ក្រុមឧទ្ទាម អាប៊ូ សាយយ៉ាហ្វ ដ៏មានឥទ្ធិពលនៅភាគខាងត្បូងប្រទេសហ្វីលីពីន ទើបតែធ្វើការដោះលែងចំណាប់ខ្មាំងជាអ្នកបើកបរនាវាជនជាតិកូរ៉េខាងត្បូង និងកម្មករជនជាតិហ្វីលីពីនម្នាក់ទៀតនៅថ្ងៃសៅរ៍នេះ ក្រោយពីបានចាប់ខ្លួនទៅអស់រយៈពេលបីខែមកហើយពីនាវាដឹកទំនិញរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន បាងកកប៉ុស្តិ៍ នារសៀលថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១៧។
កាពីទែននាវាជនជាតិកូរ៉េខាងត្បូងលោក Park Chul-hong និងកម្មករឈ្មោះ Glenn Alindajao ត្រូវបានប្រគល់មកឲ្យអាជ្ញាធរហ្វីលីពីនវិញស្ថិតនៅក្នុងក្រុង Jolo នៃខេត្ត Sulu ភាគខាងត្បូងប្រទេស។ គួរបញ្ជាក់ថា ទោះបីជាត្រូវបានដោះលែងពិតមែន ក៏ពួកគេមិនទាន់ត្រូវបានអនុញ្ញាតឲ្យធ្វើការឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាននានាឡើយ ដោយប៉ូលិសហ្វីលីពីនត្រូវធ្វើការសាកសួរជាមុន ខណៈដែលជនជាតិកូរ៉េខាងត្បូងខាងលើបានយកក្រណាត់បាំងមុខជិត ហាក់ដូចជាមានការភ័យព្រួយរឿងអ្វីម្យ៉ាង៕