(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យសញ្ញាថា រូបលោកអាចនឹងដកទណ្ឌកម្មដែលត្រូវបានដាក់ទៅលើប្រទេសរុស្ស៊ីចេញវិញ ប្រសិនបើរដ្ឋាភិបាលទីក្រុងម៉ូស្គូបង្ហាញឲ្យឃើញថាខ្លួនពិតជាមានសារៈប្រយោជន៍ប្រាកដមែន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ និងការសម្រេចបាននូវគោលដៅផ្សេងៗទៀត ដែលសំខាន់ចំពោះសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអាមេរិកមួយ ដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១៧។
យោងតាមបទសម្ភាសន៍មួយរបស់កាសែត Wall Street Journal ជាមួយ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរូបនេះបានបញ្ជាក់ថា លោកនឹងបន្តរក្សាទណ្ឌកម្មដែលត្រូវបានដាក់ដោយរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា ទៅលើទីក្រុងម៉ូស្គូ ដោយសារតែបទចោទប្រកាន់នៃការវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យាដើម្បីធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីចុងឆ្នាំមុននោះ យ៉ាងហោចណាស់ក៏មួយរយៈពេលសិនដែរ។ ប៉ុន្តែលោក ត្រាំ បានចោទជាសំណួរយ៉ាងដូច្នេះថា «បើសិនជាអ្នកត្រូវរ៉ូវគ្នា ហើយបើសិនជារុស្ស៊ីពិតជាកំពុងជួយយើងមែននោះ តើហេតុអ្វីបានជាអ្នករាល់គ្នានៅមានទណ្ឌកម្មទៀត ប្រសិនបើពួកគេកំពុងតែធ្វើរឿងយ៉ាងល្អបំផុតនោះ?»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ដែលនឹងធ្វើការស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៥ នៅសប្តាហ៍ក្រោយនោះ បានត្រៀមលក្ខណៈរួចជាស្រេចដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅក្រោយពេលដែលលោកឡើងដឹកនាំប្រទេសមហាអំណាចមួយនេះជំនួសលោក អូបាម៉ា ដោយលោក ត្រាំ បានថ្លែងថា «ខ្ញុំយល់ច្បាស់ថាភាគីរុស្ស៊ីពិតជាចង់ជួបពួកយើង ហើយវាគ្មានបញ្ហានោះឡើយសម្រាប់រូបខ្ញុំ»៕