(វ៉ាស៊ីនតោន)៖ នៅចំពោះមុខនៃសញ្ញាដ៏ចម្រូងចម្រាស នៃគោលនយោបាយពាក់ព័ន្ធនឹងប្រទេសចិន អនាគតរដ្ឋាភិបាលអាមេរិកថ្មីក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ទំនងជាកំពុងរៀបចំគំរោងដើម្បីបង្កើនកម្លាំងយោធាជើងទឹកទ្រង់ទ្រាយធំនៅតំបន់អាស៊ីខាងកើត ក្នុងគោលបំណងត្រៀមទប់ទល់នឹងឥទ្ធិពលរបស់ទីក្រុងប៉េកាំង ដែលកំពុងកើនឡើងយ៉ាងខ្លាំងក្លា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១៧។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា គំរោងនៃការពង្រីកវិសាលភាពនៅតំបន់អាស៊ីខាងកើតនេះរួមមាន ការដាក់ឲ្យឈរជើងនូវនាវាផ្ទុកយន្តហោះចម្បាំងមួយគ្រឿងទៀតនៅក្នុងតំបន់នោះ និងការដាក់ពង្រាយនាវាពិឃាត, នាវាមុជទឹក, និងប្រព័ន្ធការពារមីស៊ីលជាច្រើនគ្រឿងបន្ថែម ព្រមទាំងការពង្រីក ឬក៏បង្កើតបន្ថែមនូវមូលដ្ឋានយោធាជើងទឹកនៅប្រទេសជប៉ុន និងអូស្រ្តាលី។
គួរបញ្ជាក់ថាប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ដែលនឹងស្បថចូលកាន់តំណែងបន្តពីលោក បារ៉ាក់ អូបាម៉ា នៅថ្ងៃទី២០ ខែមករាឆាប់ៗខាងមុខនេះ ធ្លាប់បានប្តេជ្ញាថានឹងបង្កើនចំនួននាវាចម្បាំងរបស់អាមេរិករហូតដល់ ៣៥០គ្រឿង ក៏ប៉ុន្តែក្រុមចាត់ចែងកិច្ចការផ្ទេរអំណាចរបស់លោកមិនបានបញ្ជាក់ច្បាស់អំពីវិធីសាស្រ្តនៃការផ្គត់ផ្គង់ថវិកាទៅលើផែនការនេះឡើយ នៅចំពោះមុខគំរោងនៃការចំណាយក្នុងចំនួនដ៏ច្រើនដទៃៗទៀត ដែលគេដឹងលោក ត្រាំ បានមានទំនោរប្រឆាំងចិនតាំងពីអំឡុង ការឃោសនារកសំឡេងឆ្នោត និងក្រោយការទទួលបានជោគជ័យមកម្ល៉េះ៕