(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun បានវាយប្រហារដោយប្រើពាក្យសម្តីធ្ងន់ៗដាក់ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិលោក បារ៉ាក់ អូបាម៉ា ដោយបានចំអកថានាពេលនេះលោក អូបាម៉ា កំពុងដើរចេញពីសេតវិមានក្នុងនាមជា «ជនបរាជ័យ» ហើយ នៅក្នុងការប្រឈមមុខដាក់គ្នាជាមួយទីក្រុងព្យុងយ៉ាង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១៧។
នៅក្នុងអត្ថបទមួយមានចំណងជើងថា «ប្រវត្តិសាស្រ្តនៃការគំរាមកំហែងនុយក្លេអ៊ែរតែម្ខាងរបស់សហរដ្ឋអាមេរិកដែលបានឈានដល់ទីបញ្ចប់» ដោយសារព័ត៌មានប្រចាំថ្ងៃរបស់គណបក្សកាន់អំណាចកូរ៉េខាងជើង Rodong Sinmun នៅបញ្ជាក់ជាដដែលៗថា សហរដ្ឋអាមេរិកបានបង្កើនការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងជារៀងរាល់ឆ្នាំ នៅអំឡុងពេលនៃការដឹកនាំរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា។
សារព័ត៌មាន Rodong Sinmun បានសរសេរថា «ការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែរ និងការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរបស់យើង ទីបំផុតបានបង្ខំឲ្យយើងក្លាយជាប្រទេសដ៏ខ្លាំងក្លាមួយដែលមានសមត្ថភាពក្នុងការបើកការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ដែលនឹងបញ្ចប់នូវប្រវត្តិសាស្រ្តនៃការគំរាមហែងនុយក្លេអ៊ែរ ហើយពេលនេះលោក បារ៉ាក់ អូបាម៉ា កំពុងតែចាកចេញពីសេតវិមានក្នុងនាមជា «ជនបរាជ័យ» នៅក្នុងការប្រឈមមុខដាក់គ្នាជាមួយប្រទេសកូរ៉េខាងជើង»។
ដោយឡែកសារព័ត៌មានរដ្ឋកូរ៉េខាងជើងមួយផ្សេងទៀត ក៏បានលើកឡើងនៅថ្ងៃជាមួយគ្នាដែរថា រដ្ឋាភិបាលរបស់លោក អូបាម៉ា បានបង្កើតកំហុសយុទ្ធសាស្រ្ត នៅក្នុងគោលនយោបាយរបស់ខ្លួនពាក់ព័ន្ធនឹងកូរ៉េខាងជើង និងបានបន្ថែមទៀតថា បើសិនជាប្រធានាធិបតីជាប់ឆ្នោតអាមេរិកចង់ធ្វើអ្វីប្រកបដោយឧត្តមគតិខ្ពស់ រូបលោកជាដំបូងត្រូវតែយល់ឲ្យបានច្បាស់ពីកូរ៉េខាងជើង។ សារព័ត៌មានដដែលនេះបានសរសេរយ៉ាងដូច្នេះថា «អនាគតរដ្ឋាភិបាលអាមេរិកថ្មីរបស់លោក ដូណាល់ ត្រាំ នឹងទទួលរងលទ្ធផលដ៏អាក្រក់បំផុតនៅក្នុងការប្រឈមមុខដាក់គ្នា ជាមួយទីក្រុងព្យុងយ៉ាង ប្រសិនបើមិនប្រឹងរៀនសូត្រពីកំហុសនានារបស់រដ្ឋាភិបាលលោក អូបាម៉ា ទេនោះ»៕