(ញូដេលី)៖ អាកាសចរណ៍ដ៏ធំរបស់ឥណ្ឌា SpiceJet បានឲ្យដឹងថាក្រុមហ៊ុនបានយល់ព្រមទិញយន្តហោះដឹកអ្នកដំណើររហូតដល់ទៅចំនួន ២០៥គ្រឿងពីក្រុមហ៊ុនផលិតយន្តហោះ Boeing របស់អាមេរិកជាមួយ និងតម្លៃ ២២ពាន់លានដុល្លារ នៅក្នុងកិច្ចព្រមព្រៀងទិញដូរយន្តហោះទ្រង់ទ្រាយដ៏ធំបំផុតមួយ សម្រាប់ប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១៧។
ប្រធានក្រុមហ៊ុន SpiceJet លោក Ajay Singh បានថ្លែងថា អាកាសចរណ៍ដែលមានតម្លៃធូរថ្លៃនេះ មានភាគហ៊ុនចំនួន ១៣ភាគរយនៅក្នុងផ្សារហ៊ុននៃប្រទេសឥណ្ឌា និងកំពុងតែពង្រីកប្រតិបត្តិការរបស់ខ្លួនទាំងនៅក្នុងស្រុកនិងក្រៅស្រុក ហើយនៅពេលដែលធ្វើការប្រកាសអំពីកិច្ចព្រមព្រៀងខាងលើលោក Signh បានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា «នេះគឺជាកិច្ចព្រមព្រៀងដ៏ធំជាងគេបំផុតសម្រាប់ SpiceJet និងជាកិច្ចព្រមព្រៀងមួយក្នុងចំណោមបណ្តាកិច្ចព្រមព្រៀងដែលធំៗបំផុត ទាក់ទិននឹងការទិញដូរយន្តហោះនៃប្រទេសឥណ្ឌា ហើយក៏ជាកិច្ចព្រមព្រៀងដ៏ធំជាងគេបង្អស់សម្រាប់ក្រុមហ៊ុន Boeing នៅឥណ្ឌាថែមទៀតផង»។
ដោយឡែកលោក Raymond Conner អនុប្រធាននៃក្រុមហ៊ុន Boeing ក៏បានលើកឡើងដែរថា «ពួកយើងពិតជាមានកិត្តិយសណាស់ដែលបានក្លាយជាដៃគូរបស់អាកាសចរណ៍ SpiceJet និងបង្ហាញវត្តមាននៅក្នុងប្រទេសឥណ្ឌាតាមរយៈយន្តហោះជាច្រើនរយគ្រឿងបែបនេះ ហើយកត្តានេះគឺជាការស្តែងឲ្យឃើញយ៉ាងជាក់ច្បាស់អំពីការប្តេជ្ញាដ៏មុតមាំរបស់យើងចំពោះឥណ្ឌា ក៏ដូចជាដៃគូផ្សេងៗទៀតផងដែរ»។
គួរបញ្ជាក់ថា ក្រុមហ៊ុន SpiceJet ដែលមានទីផ្សារភាគហ៊ុនទាបជាងអាកាសចរណ៍ធំៗរបស់ឥណ្ឌាតែបីប៉ុណ្ណោះនោះ គឺជាក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលមានតម្លៃធូរថ្លៃតែមួយគត់នៃប្រទេសឥណ្ឌា ដែលប្រើប្រាស់យន្តហោះ Boeing ដើម្បីដឹកអ្នកដំណើរ៕