(វ៉ាស៊ីនតោន)៖ ខណៈកាន់តែជិតដល់ពេលចាកចេញពីតំណែងមែនទែនហើយនោះ លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃសុក្រម្សិលមិញបានធ្វើឲ្យអនុប្រធានាធិបតីរបស់លោក គឺលោក ចូ បៃឌិន (Joe Biden) មានការភ្ញាក់ផ្អើល និងរំជួលចិត្តជាខ្លាំងរហូតដល់ស្រក់ទឹកភ្នែករលីងរលោង បន្ទាប់ពីទទួលបានមេដាយកិត្តិយសដ៏ខ្ពង់ខ្ពស់ «Presidential Medal of Freedom» ពីសំណាក់លោកប្រធានាធិបតីនៅឯសេតវិមានសម្រាប់ការបំពេញកាតព្វកិច្ចយ៉ាងខ្ជាប់ខ្ជួន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការបម្រើប្រទេសជាតិ។ នេះបើតាមដកស្រង់ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១៧។
លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានថ្លែងដូច្នេះថា «សម្រាប់ជំនឿចិត្តរបស់អ្នកទៅលើជនរួមជាតិអាមេរិក, សម្រាប់សេចក្តីស្រឡាញ់របស់អ្នកចំពោះប្រទេស, និងសម្រាប់ការបំពេញកាតព្វកិច្ចជូនជាតិដោយមិនខ្លាចនឿយហត់របស់អ្នក ដែលនឹងបន្តស្ថិតស្ថេរជារៀងរហូតនៅគ្រប់ជំនាន់នាពេលអនាគត.... សម្រាប់ពេលវេលាចុងក្រោយក្នុងនាមជាប្រធានាធិបតី ខ្ញុំរីករាយយ៉ាងក្រៃលែងដើម្បីប្រគល់ជូនអ្នកនូវមេដាយកិត្តិយស Presidential Medal of Freedom ដ៏ខ្ពង់ខ្ពស់»។
នៅក្នុងឱកាសនោះលោក បារ៉ាក់ អូបាម៉ា បានធ្វើការកោតសរសើរលោក ចូ បៃឌិន ថាជាបុរសមិនធម្មតាម្នាក់ជាមួយនិងអាជីពដ៏អស្ចារ្យនៅក្នុងការបម្រើប្រទេសជាតិ ហើយលោកប្រធានាធិបតីអាមេរិកបានហៅលោក បៃឌិន ថា «អនុប្រធានាធិបតីដ៏ល្អបំផុត» របស់សហរដ្ឋអាមេរិក។ បន្ថែមពីនេះលោក អូបាម៉ា ក៏បានធ្វើការគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងសំខាន់ៗមួយចំនួនរបស់លោក បៃឌិន រួមមានការធ្វើឲ្យការសិក្សានៅមហាវិទ្យាល័យអាមេរិកប្រើប្រាស់ការចំណាយសមរម្យជាងមុន, ការជួយឲ្យឧស្សហកម្មអាមេរិកមានសន្ទុះឡើងវិញ, ការប្រយុទ្ធតទល់នឹងការប្រើអំពើហិង្សាដោយអាវុធនៅសហរដ្ឋអាមេរិក, និងការគាំទ្រចំពោះការសិក្សាស្រាវជ្រាវទៅលើជំងឺមហារីក។
គួរបញ្ជាក់ថាមេដាយកិត្តិយស «Presidential Medal of Freedom» គឺជាពានរង្វាន់បញ្ជាក់ពីការទទួលស្គាល់ចំពោះបុគ្គលណាម្នាក់ ដែលបានចូលរួមចំណែកធំធេងដើម្បីផលប្រយោជន៍ជាតិ ក៏ដូចជាសន្តិសុខនៃសហរដ្ឋអាមេរិក, ការបង្កើតសន្តិភាពសម្រាប់ពិភពលោក, និងបុព្វហេតុសំខាន់ៗដទៃផ្សេងទៀត៕