(ម៉ានីល)៖ រដ្ឋមន្រ្តីការបរទេសហ្វីលីពីននៅថ្ងៃសុក្រ មិនញញើតអ្វីបន្តិចឡើយដោយបាននិយាយចំៗថា រាល់សកម្មភាពនានានៅពេលអនាគតដែលធ្វើឡើងដោយសហរដ្ឋអាមេរិក សំដៅប្រឆាំងទប់ទល់ក៏ដូចជាធ្វើការរាំងចិនពីប្រជុំកោះសិប្បនិម្មិតរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង នៅក្នុងដែនសមុទ្រចិនខាងត្បូង ដែលមានបញ្ហាជម្លោះដ៏រកាំរកូសនោះ គឺតាមពិតដើម្បីតែការពារសិទ្ធិអំណាចផ្តាច់មុខ រួមនិងប្រយោជន៍ជាតិរបស់ខ្លួនឯងប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៦។
ការហាថ្លែងចំៗឥតលាក់លៀមបែបនេះរបស់រដ្ឋមន្រ្តីក្រសួងការបរទេស នៃប្រទេសហ្វីលីពីនលោក Perfecto Yasay ត្រូវបានធ្វើឡើងក្នុងន័យជាការឆ្លើយតបភ្លាមៗទៅនឹងសំណួរមួយ នៅអំឡុងបទសម្ភាសន៍តាមកញ្ចក់ទូរស្សន៍ ស្តីអំពីការធ្វើអត្ថធិប្បាយរបស់បេក្ខភាពរដ្ឋមន្រ្តីការបរទេសអាមេរិកថ្មីគឺលោក Rex Tillerson ដែលបាននិយាយថា ប្រទេសចិនគួរតែត្រូវបានបិទសិទ្ធិអនុញ្ញាតមិនឲ្យធ្វើការចេញចូលនៅបណ្តាកោះនានាដែលខ្លួនបានសាងសង់ឡើង ដោយចិត្តឯងនៅលើដែនសមុទ្រមានវិវាទ។
លោក Yasay បានថ្លែងការយ៉ាងដូច្នេះថា «ពួកគេបាននិយាយថា ពួកគេនឹងរារាំងមិនឲ្យប្រទេសចិនបន្តធ្វើសកម្មភាពដែលប្រទេសមួយនេះធ្លាប់តែធ្វើនៅតំបន់សមុទ្រចិនខាងត្បូងទៀតឡើយ... បើសិនជាពួកគេចង់ធ្វើអ៊ីចឹងមែននោះ ពួកគេមានកម្លាំងនិងអំណាចដើម្បីធ្វើដូច្នោះបាន... ឲ្យពួកគេធ្វើតាមតែអំពើចិត្តទៅចុះ»។
គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានកសាងកោះសិប្បនិម្មិតមួយចំនួននៅដែនសមុទ្រចិនខាងត្បូង ដែលកាលពីឆ្នាំ២០១៦ តុលាការមជ្ឈត្តកម្មទីក្រុងឡាអេបានសម្រេចថាជាទង្វើខុសច្បាប់៕