(ឡុងដ៏)៖ ស្ថាបនិកគេហទំព័រ Wikileaks លោក ជូលីយៀន អាសសាង (Julian Assange) ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងស្ថានទូតអេក្វាឌ័រ ប្រចំាទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស បាននិយាយថា ត្រៀមខ្លួនហើយ ក្នុងការទទួលយកការធ្វើបត្យាប័នរូបលោកទៅកាន់សហរដ្ឋអាមេរិក ជាថ្នូរនឹង ការដោះលែងអតីតកងទ័ពអាមេរិកម្នាក់ឈ្មោះ ឆែលស៊ី មែននីង (Chelsea Manning) ដែលជាអ្នកផ្ដល់ព័ត៌មានដ៏សំខាន់ម្នាក់ដល់ Wikileaks។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅយប់ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧។
នៅលើបណ្ដាញ Twitter របស់ខ្លួន ក្រុមការងារ Wikileaks បានអះអាងថា លោកអាសសាង យល់ព្រមទទួលយកការធ្វើបត្យាប័នទៅកាន់ សហរដ្ឋអាមេរិក បើសិនជាប្រធានាធិបតីអាមេរិកផុតអណត្តិលោក បារ៉ាក់ អូបាម៉ា អាចលើកលែងទោសឱ្យអតីតកងទ័ពអាមេរិក លោក ឆែលស៊ី មែននីង ដែលត្រូវបានតុលាការអាមេរិក ផ្ដន្ទាទោសកាលពីខែសីហា ឆ្នាំ២០១៣ ពីបទបញ្ជូនព័ត៌មាន ឬឯកសារសម្ងាត់ជាង ៧០០០០០ ឱ្យទៅ Wikileaks។
គួរបញ្ជាក់ថា លោក ជូលីយៀន អាសសាង មានអាយុ៤៥ឆ្នាំ និងជាពលរដ្ឋអូស្ត្រាលី បានរស់នៅនិរទេសខ្លួនក្នុងស្ថានទូតអេក្វាឌ័រ ប្រចាំទីក្រុងឡុងដ៏ ចាប់តាំងពីឆ្នាំ២០១២ ដើម្បីជៀសវាងការធ្វើបត្យាប័នបញ្ជូនទៅកាន់ប្រទេសស៊ុយអែត ជាទីដែលលោកត្រូវបានគេចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ប៉ុន្តែលោកបានបដិសេធ។ ចំណែកឯសហរដ្ឋអាមេរិក ក៏មិនទាន់ឆ្លើយតបទៅនឹងលក្ខខណ្ឌរបស់លោកនៅពេលនេះដែរ៕