(ប៉ារីស)៖ ជារៀងរាល់សប្ដាហ៍ក្រុមដ៏តូចមួយដែលគាំទ្រ បេក្ខភាពប្រធានាធិបតីបារាំងមកពីគណបក្សរណសិរ្សជាតិ (Front National) លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) កំពុងគិតគូររកវិធីសាស្ត្រធ្វើយ៉ាងណាដើម្បីបញ្ចប់នូវការគិតរបស់មនុស្សមួយចំនួន ដែលនិយាយថាមិនអាចទៅរួចចំពោះជ័យជម្នះរបស់លោកស្រី ឡឺប៉ែន នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារំាង នៅខែឧសភាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧។
ក្រុមដ៏តូចខាងលើដែលគាំទ្រលោកស្រី ម៉ារីន ឡឺប៉ែន មានសមាសភាពចំនួន ១០រូបដែលជាមន្រ្តីបក្ស និងជាអ្នកគាំទ្របានជួបពិភាក្សាគ្នាជាលើកដំបូងនៅអំឡុងពេល គណបក្សរណសិរ្សជាតិបានចាប់ផ្ដើមធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។ ក្រុមមួយនេះបានផ្ដល់យោបល់ឱ្យលោកស្រី ឡឺប៉ែន និងមន្ត្រីនានារៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី ដោយជ្រើសរើសឱ្យបានល្អពាក់ព័ន្ធនឹងទីតាំង ឬកន្លែងដែលត្រូវធ្វើពិធីជួបជុំ ក៏ដូចជាចេះលើកយកបញ្ហាដែលដាស់ការគិតនៃប្រជាជនបារាំង ការរៀបចំអ្វីដែលនិយាយក្នុងយុទ្ធនាការ និងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅលើបណ្ដាញអ៊ីធើណែតជាដើម។
ដោយឡែកបើតាមការស្ទង់មតិមួយចំនួន លោកស្រី ម៉ារីន ឡឺប៉ែន ដែលជាអ្នកនយោបាយស្ដាំនិយមប្រឆាំងវត្តមានជនភៀសខ្លួន និងអឺរ៉ុបអាចនឹងឈានដល់ជុំទី២ នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារំាងនៅខែឧសភា ក៏ប៉ុន្តែលោកស្រីត្រូវបានគេមើលឃើញថា អាចនឹងចាញ់ក្នុងការបោះឆ្នោតនេះត្បិតប្រជាជនបារំាងភាគច្រើននៅតែមានគំនិតអវិជ្ជមានទៅលើលោកស្រី។ ដូច្នេះទើបក្រុមគាំទ្រលោកស្រីយល់ថាការប្រើប្រាស់ការផ្សព្វផ្សាយតាមរូបភាព ក្នុងយុទ្ធការឃោសនាបោះឆ្នោតអាចនឹងផ្លាស់ប្ដូរការគិតនៃសាធារណជនបារាំងបាន។
គួរបញ្ជាក់ថា លោកស្រី ម៉ារីន ឡឺប៉ែន គឺជាអ្នកនយោបាយស្ដាំនិយមម្នាក់នៅអឺរ៉ុបដែលមានទំនោរប្រឆាំងនឹងលំហូរនៃជនភៀសខ្លួន និងសហភាពអឺរ៉ុប ជាក់ស្ដែងកាលពីពេលថ្មីៗនេះលោកស្រីបានសន្យាថា បើសិនជាប់ឆ្នោតជាប្រធានាធិបតីបារាំង លោកស្រីនឹងរៀបចំការបោះឆ្នោតប្រជាមតិមួយស្ដីពី Frexit ឬឱ្យបារាំងចាកចេញពីសហភាពអឺរ៉ុប ក៏ដូចជាចេញពីអង្គការ NATO ផងដែរ៕