(ម៉ានីល)៖ នាថ្ងៃទីពីរនិងជាថ្ងៃចុងក្រោយនៃដំណើរបំពេញទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីជប៉ុនមកកាន់ហ្វីលីពីនមេដឹកនាំទាំងពីរបានបង្ហាញពីភាពស្និទ្ធស្នាលរវាងគ្នានឹងគ្នាបំផុតដោយ លោក ស៊ីនហ្សូ អាបេ បានចំណាយពេលមួយព្រឹកដើម្បីស្រស់ស្រូបអាហារនៅគេហឋាន ដែលមានលក្ខណៈយ៉ាងសាមញ្ញរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក្នុងទីក្រុងដាវ៉ៅ (Davao) ជាស្រុកកំណើតរបស់លោកតែម្តង។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧។
នៅថ្ងៃសុក្រនេះលោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ បានភ្លក្សរសជាតិស៊ុបសណ្តែក និងនំអង្ករដែលជាអាហារពេលព្រឹកសំណព្វចិត្តរបស់លោកប្រធានាធិបតីហ្វីលីពីន និងត្រូវបានគេនាំឲ្យដើរទស្សនាក្នុងលំនៅឋានកម្ពស់ពីរជាន់ដ៏សាមញ្ញរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏ដូចជាបន្ទប់គេងដែលមានមុងការពារពីសត្វមូសចង្រៃដែល លោក ឌូតឺតេ តែងតែសម្រាន្តនៅពីក្នុងមុងនេះជារៀងរាល់ចុងសប្តាហ៍នៅពេលដែលលោកធ្វើដំណើរទៅកាន់ទីក្រុងដាវ៉ៅផងដែរ។
គួរបញ្ជាក់ថាជីវិតរស់នៅដ៏សាមញ្ញរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ គឺជាកត្តាដ៏សំខាន់មួយដែលបានជំរុញឲ្យរូបលោកយកឈ្នះទឹកចិត្តប្រជាជនហ្វីលីពីនរាប់លាននាក់ ដែលកាលពីខែឧសភា ឆ្នាំ២០១៦កន្លងទៅ ពួកគេបានសម្រេចបោះឆ្នោតជ្រើសរើសអតីតអភិបាលក្រុងដាវ៉ៅរូបនេះ ឲ្យធ្វើជាប្រធានាធិបតីរបស់ពួកគេ ហើយនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ គឺជាមេដឹកនាំបរទេសដំបូងគេបង្អស់ដែលបានធ្វើដំណើរមកជួបលោក ឌូតឺតេ ដល់ប្រទេសដែលប្រការនេះបានស្តែងឲ្យឃើញពីសារៈសំខាន់របស់ជប៉ុន ក្នុងនាមជាដៃគូពាណិជ្ជកម្ម និងជាអ្នកផ្តល់ជំនួយដ៏ជិតស្និទ្ធបំផុតមួយរបស់ហ្វីលីពីន៕