(ហាណូយ)៖ រដ្ឋបាលទីក្រុងហាណូយនៃប្រទេសវៀតណាម នឹងប្រគល់រង្វាន់ជាសាច់ប្រាក់សរុបចំនួន ៣០០,០០០ដុល្លារសហរដ្ឋអាមេរិក ដល់ក្រុមហ៊ុនពិគ្រោះយោបល់ផ្នែករចនាប្លង់ទាំងឡាយណា ដែលមានគំនិតច្នៃប្រឌិតខ្ពស់អាចរិះរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពបំផុត ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង ដែលសម្បូរទៅដោយប្រជាជនរស់នៅយ៉ាងណែនតាន់តាប់នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧។
អាជ្ញាធរទីក្រុងហាណូយទើបតែបានចាប់ផ្តើមព្រឹត្តិការណ៍ប្រកួតប្រជែងមួយស្តីពីគំរោងគមនាគមន៍ និងមធ្យោបាយដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរដ្ឋធានីនៃប្រទេសវៀតណាមនេះរហូតដល់ឆ្នាំ២០២៥ ជាមួយនិងទស្សនវិស័យដែលអាចបន្តឈានដល់ឆ្នាំ២០៣០។ រង្វាន់ចំណាត់ថ្នាក់លេខមួយនឹងមានតម្លៃជាទឹកប្រាក់ចំនួន ២០០,០០០ដុល្លារ ខណៈជ័យលាភីលេខពីរនឹងទទួលបានរង្វាន់ ១០០,០០០ដុល្លារ។
ជាមួយគ្នានេះដែលសមាសភាពដែលនឹងទទួលសិទ្ធិ ក្នុងការចូលរួមប្រកួតប្រជែងនឹងត្រូវជ្រើសរើសដោយអាស្រ័យទៅលើសមត្ថភាព, បទពិសោធន៍, និងភាពដែលគួរឲ្យទុកចិត្តបានរបស់ពួកគេ ហើយក្រុមហ៊ុនពិគ្រោះយោបល់ផ្នែករចនាទាំងជាតិ និងអន្តរជាតិអាចធ្វើការដាក់ពាក្យបានចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ សម្រាប់ជុំដំបូង ដោយក្រុមប្រឹក្សាភិបាលទទួលបន្ទុកកិច្ចការនេះនឹងធ្វើការសម្រិតសម្រាំងយកដំណោះស្រាយណាដែលល្អជាងគេបំផុតចំនួនប្រាំ ហើយចាប់ផ្តើមអភិវឌ្ឍន៍ដំណោស្រាយបញ្ហាចរាចរណ៍ដែលនឹងត្រូវបញ្ជូនទៅកាន់នាយកដ្ឋានដឹកជញ្ជូន នៃទីក្រុងហាណូយនាថ្ងៃទី២៧ ខែមករា។
បន្ទាប់មកទៀតនៅចន្លោះថ្ងៃទី២៧ និង ថ្ងៃទី១០ ខែឧសភា បេក្ខភាពដែលត្រូវបានសម្រាំងយកទាំងប៉ុន្មាននឹងត្រូវធ្វើការពន្យល់ព្រមទាំងការពារគំរោងរបស់ពួកគេរៀងៗខ្លួន ខណៈជ័យលាភីត្រូវរំពឹងថានឹងប្រកាសឲ្យដឹងនៅល្ងាចថ្ងៃទី២៥ ខែឧសភា។ ដោយឡែកក្រៅពីរង្វាន់លេខមួយនិងលេខពីរ បេក្ខភាពចំនួនទាំងបីផ្សេងទៀតក៏នឹងទទួលបានថវិកាឧបត្ថម្ភចំនួន ២៥,០០០ដុល្លារសហរដ្ឋអាមេរិកផងដែរ៕