(ប៉េកាំង)៖ កាសែតគាំទ្ររដ្ឋាភិបាលចិនមួយបានសរសេរថា ការចង់បិទប្រទេសចិនមិនឲ្យចល័តទៅក្នុងដែនសមុទ្រចិនខាងត្បូង ដែលអនាគតរដ្ឋមន្ត្រីការបរទេសថ្មីរបស់អាមេរិកបានលើកឡើងកាលពីថ្ងៃម្សិលមិញគឺជាចេតនាចង់ «បញ្ឆេះសង្គ្រាម» នៅក្នុងតំបន់នេះហើយ។ នេះបើតាមការដកស្រង់ការផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧។
នៅក្នុងការធ្វើអត្ថាធិប្បាយដែលបានបង្កឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងផ្ទុះកំហឹងនោះ លោក Rex Tillerson ដែលជាបេក្ខភាពសម្រាប់តំណែងរដ្ឋមន្រ្តីការបរទេសអាមេរិក នៃរដ្ឋាភិបាលអនាគតរបស់លោក ដូណាល់ ត្រាំ បានថ្លែងថា «ការសាងសង់កោះសិប្បនិម្មិតរបស់ប្រទេសចិន និងការដាក់ពង្រាយបរិក្ខាយោធានៅតាមកោះទាំងនោះគឺដូចគ្នាទៅនឹងការឆក់យកតំបន់គ្រីមៀពីអ៊ុយក្រែន ដែលធ្វើឡើងដោយប្រទេសរុស្ស៊ីអ៊ីចឹង។ យើងនឹងផ្ញើសារដែលមានអត្ថន័យដ៏ជាក់ច្បាស់មួយទៅកាន់ចិន ដែលជាដំបូងនោះគឺសកម្មភាពសាងសង់កោះសិប្បនិម្មិត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយការចេញចូលរបស់អ្នក (ប្រទេសចិន) ទៅកាន់កោះទាំងនោះនឹងមិនត្រូវទទួលបានសិទ្ធិអនុញ្ញាតទៀតឡើយ»។
ជុំវិញបញ្ហានេះកាសែតគាំទ្ររដ្ឋាភិបាលចិនជាច្រើន ជាពិសេសសារព័ត៌មាន The Global Times បានចេញផ្សាយយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកទំនងជាចង់បញ្ឆេះឲ្យមានសង្គ្រាមធំនៅតំបន់សមុទ្រចិនខាងត្បូង ដោយសារការរារាំងចិនមិនឲ្យចល័តទៅកាន់ប្រជុំកោះនានារបស់ខ្លួន»។ ទោះបីជាបែបនេះក្តីវាគ្រាន់តែជាការផ្សព្វផ្សាយដោយប្រើពាក្យធ្ងន់ៗ ទៅកាន់សហរដ្ឋអាមេរិកតាមរយៈសារព័ត៌មានតែប៉ុណ្ណោះ ដោយរដ្ឋាភិបាលចិនមិនទាន់បានបង្ហាញជំហរជាផ្លូវការណាមួយ ជុំវិញការលើកឡើងបែបនេះឡើយ ព្រោះតែលោក Rex ក៏មិនទាន់ក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិកជាផ្លូវការនោះដែរ៕