(អ៊ីស្តង់ប៊ុល)៖ សមាជិកសភាប្រទេសតួកគីបានផ្ទុះការឈ្លោះប្រកែកយ៉ាងតឹងសរសៃកហូតដល់ថ្នាក់ប្រតាយប្រតប់គ្នាទៀតផងនៅក្នុងអំឡុងវេទិកាជជែកដេញដោល អំពីការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ ដែលនឹងពង្រីកវិសាលភាពនៃអំណាចរបស់ប្រធានាធិបតី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋតួកគី Anadolu ដែលដកស្រង់ចេញពីសារព័ត៌មាន CNN នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧។
យោងតាមទីភ្នាក់ងារព័ត៌មាន Anadolu ហេតុការណ៍ខាងលើបានផ្ទុះឡើងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ភ្លាមៗបន្ទាប់ពីសមាជិកសភាបក្សប្រឆាំងមួយរូបគឺលោក Ozgur Ozel បានស្តីបន្ទោសដាក់ក្រុមសមាជិកសភានៃគណបក្សកាន់អំណាចយ៉ាងដូច្នេះថា «ពួកអ្នកឯងកំពុងព្យាយាមបំផ្លាញខ្លួនឯងនៅពេលដែលកញ្ចក់ទូរទស្សន៍ត្រូវបានបិទ ហើយគ្មាននរណាម្នាក់អាចមើលឃើញទេ ពោលគឺដោយលាក់បាំង! ប៉ុន្តែពួកយើងនឹងមិនអនុញ្ញាតឲ្យវាកើតឡើងបានជាដាច់ខាត»។ នាពេលនោះអ្នកតំណាងរាស្រ្តទាំងអស់កំពុងតែជជែកដេញដោលអំពីការដកចេញនូវសិទ្ធិអំណាចរបស់សភាតួកគី ក្នុងការត្រួតពិនិត្យទៅលើរដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។
ដោយឡែកគ្រាន់តែលោក Ozel បានហាស្តីដូចខាងលើបានបន្តិច ក្រុមសមាជិកសភានៃគណបក្សប្រឆាំងឈ្មោះថា «គណបក្សប្រជាជនសាធារណរដ្ឋ» ដែលធំជាងគេនៅតួកគីបានឈរជុំវិញវេទិកាថ្លែងសារនៅក្នុងសភាដោយពួតដៃរួមគ្នាជាប់ សំដៅកាន់កាប់ទីកន្លែងនោះជាការសម្តែងការតវ៉ាប្រឆាំងយ៉ាងដាច់ខាត ប៉ុន្តែវាបែរជាបង្កឲ្យមានការប្រតាយប្រតប់គ្នាយ៉ាងអាវាសែ រហូតបានបង្កឲ្យអ្នកតំណាងរាស្ត្រជាន់ខ្ពស់ម្នាក់នៃគណបក្សកាន់អំណាចបាក់ក្តោងច្រមុះ និងមួយចំនួនទៀតរងរបួសតិចតួច៕