(ប៉ារីស)៖ ប្រធានាធិបតីបារាំងលោក ហ្រ្វង់ស័រ ហូឡង់ បានថ្លែងនៅថ្ងៃសុក្រនេះថា រូបលោកមានការជឿជាក់ខ្ពស់ថា កងកម្លាំងចម្រុះអន្តរជាតិ និងកម្លាំងក្នុងស្រុករបស់អ៊ីរ៉ាក់ដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុម ISIS អាចវាយរំដោះយកទីក្រុង Mosul ដែលជាមូលដ្ឋានស្នូលធំជាងគេ និងចុងក្រោយបំផុតរបស់ក្រុមសកម្មប្រយុទ្ធនេះនៅក្នុងប្រទេសអ៊ីរ៉ាក់ឲ្យខ្ទេចនៅអំឡុងខែមិថុនា ឆ្នាំ២០១៧នេះ បន្ទាប់ពីបានរំកិលទៅមុខដោយជោគជ័យនៅតាមផ្នែកជាច្រើននៃទីក្រុងនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧។
ថ្លែងទៅកាន់ក្រុមមន្រ្តីទូតដែលបានជួបជុំគ្នានៅទីក្រុងបារីសលោក ហូឡង់ បាននិយាយអះអាងyយ៉ាងដូច្នេះថា «នៅក្នុងប្រទេសអ៊ីរ៉ាក់ប្រតិបត្តិការក្រុមចំរុះដែលទទួលបានការអនុញ្ញាតក្នុងការវាយរំដោះយកទីក្រុង Mosul ជាផ្នែកដ៏ធំបំផុតនៃទឹកដីដែលបានបាត់បង់... សូមអគុណចំពោះការជួយជ្រោមជ្រែងពីសំណាក់កងកម្លាំងអ៊ីរ៉ាក់ និងកងកម្លាំងឃើដ។ ដោយឡែកក្រុម ISIS កំពុងតែដកថយហើយគោលដៅចម្បងបំផុតគឺវាយបណ្តេញក្រុមនេះចេញពីទីក្រុង Mosul... ខ្ញុំគិតថាវាអាចទៅរួច... ក្នុងការវាយរំដោះទីក្រុងនេះបានទាំងស្រុងនៅមុនខែមិថុនា ឆ្នាំ២០១៧នេះ»។
គួរបញ្ជាក់ថា ប្រទេសបារាំងស្ថិតនៅក្នុងចំណោមសមាជិកសហភាពអឺរ៉ុប ដែលបានចូលរួមជាមួយកងកម្លាំងចំរុះដែលដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុម ISIS ហើយយន្តហោះចម្បាំងរបស់បារាំងបានបន្តធ្វើការវាយប្រហារដោយទម្លាក់គ្រាប់បែក ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធនេះចាប់តាំងពីឆ្នាំ២០១៤មក៕