(វ៉ាស៊ីនតោន)៖ អនាគតរដ្ឋមន្ត្រីការពារជាតិអាមេរិកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនគួរតែត្រៀមខ្លួនឱ្យហើយដើម្បីប្រឈមមុខជាមួយរុស្ស៊ីក្នុងករណីចាំបាច់ ហើយមិនតែប៉ុណ្ណោះលោកក៏បានបញ្ចូលទីក្រុងមូស្គូទៅក្នុងលេខរៀងកំពូលនៃការគំរាមកំហែងដល់ប្រយោជន៍អាមេរិកផងដែរ ប៉ុន្តែការលើកឡើងរបស់បុរសដែលមានរហ័ស្សនាមថា «ឆ្កែកំណាច» រូបនេះហាក់ដូចជាផ្ទុយទាំងស្រុងទៅនឹងវោហាស័ព្ទរបស់លោក ដូណាល់ ត្រាំ នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលចង់មានទំនាក់ទំនងល្អនឹងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧។
ថ្លែងនៅចំពោះមុខសភាអាមេរិកលោក James Mattis បានកត់សម្គាល់ថា រុស្ស៊ី ចិន និងក្រុមភេរវករគឺជាបញ្ហាប្រឈមដ៏ធំដែលសហរដ្ឋអាមេរិកយកចិត្តទុកដាក់បំផុត តាំងតែពីសម័យសង្រ្គាមលោកលើកទី២មកម្ល៉េះ។ លោក James Mattis បានបន្ថែមទៀតថា «ទីក្រុងវ៉ាស៊ីនតោនគួរតែត្រៀមខ្លួនឱ្យហើយដើម្បីប្រឆាំងនឹងរុស្ស៊ីក្នុងករណីផលប្រយោជន៍អាមេរិករងការគំរាមកំហែង ហើយទន្ទឹមគ្នានោះយើងក៏ត្រូវតែត្រៀមខ្លួនផងដែរក្នុងការធ្វើកិច្ចសហការជាមួយចិនបើសិនអាចទៅរួច។ ផ្ទុយទៅវិញយើងក៏ត្រូវតែប្រឈមមុខនឹងចិនដែរប្រសិនជាទីក្រុងប៉េកាំង នៅតែបន្តជ្រើសរើសធ្វើសកម្មភាពប្រឆាំងនឹងផលប្រយោជន៍របស់យើង»។
គួរបញ្ជាក់ថាបើតាមលោក James Mattis រុស្ស៊ីកំពុងព្យាយាមរកមធ្យោបាយបំបែកបំបាក់អង្គការណាតូ។ «យើងដឹងថាគាត់ (លោកពូទីន) កំពុងព្យាយាមបំបែកបាក់អង្គការសម្ព័ន្ធភាពអាត្លង់ទិចខាងជើង (NATO)។ នេះបើតាមសម្ដីរបស់លោក James Mattis៕