(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន ប្រហែលជានឹងអាចធ្វើសំណើដ៏គួរឲ្យភ្ញាក់មួយចំនួនទៅកាន់ប្រទេសកូរ៉េខាងត្បូងនាឆ្នាំ២០១៧នេះ ដោយមានរួមបញ្ចូលទាំងការរួបរួមគ្នាក្រុមគ្រួសារទាំងឡាយ ដែលបានបែកបាក់គ្នាកាលពីសម័យសង្គ្រាមកូរ៉េ ដើម្បីរំដោះខ្លួនចេញពីទណ្ឌកម្មផ្សេងៗដែលអន្តរជាតិបានដាក់ទៅលើទីក្រុងព្យុងយ៉ាង។ នេះបើតាមសេចក្តីរាយការណ៍ចុងក្រោយបំផុតមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧។
នៅក្នុងឆ្នាំនេះកូរ៉េខាងជើងនឹងព្យាយាមបង្កើតទំនាក់ទំនងអន្តរកូរ៉េឡើងវិញ ដោយទាញយកផលប្រយោជន៍ពីការភាពរង្គោះរង្គើរនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការបង្ហាញនៅក្នុងរបាយការណ៍ដ៏រសើបមួយរបស់វិទ្យាស្ថានកូរ៉េដើម្បីការបង្រួបបង្រួមជាតិ (KINU) ដែលបានបង្ហើបថាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅកូរ៉េខាងត្បូង ប្រហែលជាអាចនឹងត្រូវធ្វើឡើងឆាប់រហ័សជាងការរំពឹងទុក។
របាយការណ៍ខាងលើបានឲ្យដឹងទៀតថា កូរ៉េខាងជើងអាចនឹងដាក់សំណើមួយចំនួនដែលរដ្ឋាភិបាលទីក្រុងសេអ៊ូលមិនអាចប្រកែកបានដោយងាយៗនោះឡើយ គឺសុំការរួបរួមនៃក្រុមគ្រួសារជាច្រើនដែលត្រូវបានព្រាត់ប្រាសគ្នាទៅរស់នៅប្រទេសសងខាង ដោយសារតែសង្រ្គាមកូរ៉េកាលពីឆ្នាំ១៩៥០-៥៣ ឬមួយក៏បើកកិច្ចពិភាក្សាជាន់ខ្ពស់លើបញ្ហានានារវាងប្រទេសទាំងពីរ។ របាយការណ៍ដដែលបានបញ្ជាក់ដូច្នេះថា «ការដាក់សំណើបែបនេះទីក្រុងព្យុងយ៉ាងទំនងជានឹងធ្វើការទាមទារកូរ៉េខាងត្បូងឲ្យដកទណ្ឌកម្មជាឯកតោភាគីនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ហើយបន្តប្រតិបត្តិការនៃតំបន់ឧស្សាហកម្មពិសេស Kaesong នៅព្រំដែនប្រទេសកូរ៉េខាងជើងឡើងវិញ»។
គួរបញ្ជាក់ថាប្រទេសកូរ៉េខាងជើងធ្លាប់បានបដិសេធជាច្រើនលើកច្រើនសាក្នុងការចរចាគ្នាដើម្បីអនុញ្ញាតឲ្យក្រុមគ្រួសារដែលបានបែកបាក់គ្នាទាំងឡាយធ្វើការជួបជុំគ្នា ដោយអះអាងថាកូរ៉េខាងត្បូងគឺជាអ្នកដែលបានប្រព្រឹត្តខុសទាំងស្រុង សម្រាប់ការខកខាននៃព្រឹត្តិការណ៍ទាំងនេះ៕