(ប៉េកាំង)៖ ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ិនហួរនៅថ្ងៃសុក្រនេះ​បានរាយការណ៍ថា ចិននិងរុស្ស៊ីបានឈាន​ដល់​ការព្រមព្រៀងគ្នា​មួយ​ក្នុងការ​ចាត់វិធានការទប់ស្កាត់ និងឆ្លើយ​តប​ទៅ​នឹងគំរោង​ដាក់ពងា្រយ​ប្រព័ន្ធខែល​ការពារ​មីស៊ីល THAAD ពីសំណាក់​សហរដ្ឋអាមេរិក​នៅលើ​ទឹកដី​កូរ៉េខាងត្បូង ប៉ុន្តែព្រមពេល​ជាមួយគ្នា ភាគីទាំងពីរ​មិនបាន​បញ្ជាក់ឱ្យ​បាន​ច្បាស់ឡើយពីវិធានការ​ទាំងនោះ។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន  Channel News ​Asia នៅព្រឹក​ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧។

យោងតាមសេចក្ដី​ប្រកាស​ព័ត៌មាន​ដែលស៊ិនហួរ​ទទួលបាន វិធានការទប់ស្កាត់នឹងត្រូវ​ធ្វើឡើង​ក្នុងគោល​បំណង​ការពារ​ផលប្រយោជន៍ និងតុល្យភាព​យុទ្ធសាស្ត្រ​របស់ចិន និងរុស្ស៊ី​នៅក្នុង​តំបន់។ សេចក្ដីប្រកាស​ព័ត៌មានដដែល​ក៏បានឱ្យ​ដឹងដែរថា ទីក្រុងប៉េកាំង និងទីក្រុងមូស្គូបាន​ជំរុញឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​​ឆ្លើយតបនឹង​ការព្រួយបារម្ភ​របស់ខ្លួន​ជុំវិញ​បញ្ហា​សន្តិសុខ ព្រមទាំង​បញ្ឈប់គំរោង​ដាក់ពង្រាយ THAAD​ នៅក្នុង​តំបន់ឧបទ្វីប​កូរ៉េ។

សម្រាប់ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន​ការដាក់ពង្រាយ THAAD​ គឺជាវិធានការ​ការពារ​សុទ្ធសាធ ទប់ទល់នឹងមីស៊ីល​កូរ៉េខាងជើង​តែប៉ុណ្ណោះ មិនមានគោលដៅ​ឬក៏​ផ្ដល់ផល​ប៉ះពាល់ដល់​ប្រទេស​ណាមួយ​ផ្សេងនៅ​ក្នុងតំបន់​នោះទេ។ ក៏ប៉ុន្តែទោះ​បីជាបែបនេះក្ដី រុស្ស៊ីនិងចិនបានជំទាស់យ៉ាងខ្លាំង​​ហើយថែមទាំងបាន​អះអាង​ជាច្រើនដង​ថា ការដាក់​ពង្រាយ THAAD​ ជាការគំរាម​កំហែង​មួយដល់​សន្តិសុខ​ជាតិ និង មានតែ​ធ្វើឱ្យ​ស្ថានភាព​នៅក្នុងតំបន់​ឧទ្វីបកូរ៉េ​កាន់តែ​តានតឹង​ប៉ុណ្ណោះ។​

គួរបញ្ជាក់ថា ចិននិងរុស្ស៊ីបានធ្វើសមយុទ្ធយោធា​រួមគ្នាប្រឆាំង​មីស៊ីល​កាលពី​ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពី​ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល​ចាប់ផ្ដើម​ពិភាក្សា​គ្នា​លើគំ​រោង​​ដាក់ពង្រាយ THAAD​ លើទឹកដី​កូរ៉េខាងត្បូង។ ជាងនេះ​ទៅទៀតចិននិងរុស្ស៊ីក៏បានប្រកាស​កាលពី​ខែតុលាដែរថានឹងធ្វើសមយុទ្ធយោធារួមគ្នាជា​លើកទី២ នៅក្នុង​ឆ្នាំ២០១៧នេះ៕