(អាមេរិក)៖ ក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ធំ Amazon បានធ្វើការប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថា នឹងខិតខំធ្វើយ៉ាងបង្កើតការងារពេញម៉ោងឲ្យបានចំនួន១០០,០០០កន្លែងនៅសហរដ្ឋអាមេរិក ដោយរួមជាមួយនូវផលប្រយោជន៍យ៉ាងពេញលេញនៅក្នុងរយៈពេល១៨ខែខាងមុខ ពោលគឺនៅក្នុងឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន USA Today នៅយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។
មុខតំណែងដែលក្រុមហ៊ុន Amazon នឹងផ្តល់ជូនគឺសម្រាប់បុគ្គលិកនៅទូទាំងប្រទេសអាមេរិកទាំងមូល ក៏ដូចជាសម្រាប់ អ្នកដែលមានជំនាញខុសៗគ្នាជាច្រើន និងអ្នកដែលមានបទពិសោធន៍គ្រប់កម្រិត ហើយតួនាទីភាគច្រើនគឺត្រូវបំពេញការងារនៅតាមមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុន ដោយរួមបញ្ចូលទាំងមជ្ឈមណ្ឌលថ្មីដែលកំពុងស្ថិតក្រោមការសាងសង់នៅរដ្ឋ California, Florida, New Jersey, និង Texas។
លោក Jeff Bezos នាយកប្រត្តិបត្តិនិងស្ថាបនិករបស់ Amazon បានថ្លែងថា «គំនិតច្នៃប្រឌិតគឺកត្តាដ៏សំខាន់បំផុតមួយក្នុងចំណោមគោលការណ៍ត្រួសត្រាយផ្លូវនៅក្រុមហ៊ុន Amazon ហើយវាបានបង្កើតឡើងនូវការងាររាប់ម៉ឺនកន្លែងសម្រាប់ប្រជាជនអាមេរិក ហើយការងារក៏ដូចជាមុខតំណែងទាំងនេះ គឺមិនមែនសម្រាប់តែនៅក្នុងបណ្តាទីស្នាក់នៅទីក្រុង Seattle ឬមួយក៏នៅតំបន់ Silicon Valley នោះឡើយដោយពួកវាស្ថិតនៅតាមផ្នែកបម្រើអតិថិជន, មជ្ឈមណ្ឌលវេចខ្ចប់និងដឹកជញ្ជូន, និងកន្លែងផ្សេងៗទៀតនៅក្នុងសហគមន៍នានាទូទាំងសហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា ក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon បានខិតខំបង្កើនកម្លាំងពលកម្មរបស់ខ្លួនយ៉ាងខ្លាំងក្លានៅប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលក្រុមហ៊ុនកំពុងព្យាយាមជំរុញឲ្យមានការបើកមជ្ឈមណ្ឌលវេចខ្ចប់និងដឹកជញ្ជូនបន្ថែមទៀត ដើម្បីដឹកជញ្ជូនកញ្ចប់សម្ភារៈទៅដល់ដៃអតិថិជនបានឆាប់រហ័សជាងមុន។ កាលពីឆ្នាំ២០១១ ក្រុមហ៊ុន Amazon មានបុគ្គលិកត្រឹម៣០,០០០ប៉ុណ្ណោះ ប៉ុន្តែគិតត្រឹមចុងឆ្នាំ២០១៦ វិញក្រុមហ៊ុនមានបុគ្គលិកសរុបដល់ទៅចំនួន១៨០,០០០នាក់៕