(ម៉ានីល)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានសម្តែងក៏ដូចជាផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះសង្រ្គាមបង្រ្កាបគ្រឿង​ញៀន​ ដោយបង្ហូរឈាមដ៏ចម្រូងចម្រាសរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលមានរហ័សនាមថា ជាបុរសខ្លាំងហ្វីលីពីន នាថ្ងៃព្រហស្បតិ៍​នេះ ខណៈពេលដែលមេដឹកនាំទាំងពីររូបបានជួបពិភាក្សាគ្នា នៅឯរដ្ឋធានីម៉ានីល នៃប្រទេសហ្វីលីពីន។ នេះបើតាមការចេញ​ផ្សាយ​ដោយ​សារ​ព័ត៌​មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។

ថ្លែងក្នុងជំនួបជាមួយលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅឯវិមានប្រធានាធិបតីហ្វីលីពីនលោក ​ស៊ីនហ្សូ អាបេ បាននិយាយដូច្នេះថា «ពាក់ព័ន្ធ​នឹង​ការ​បង្រ្កាប​​​គ្រឿងខុស​ច្បាប់ យើងមានបំណងចង់ធ្វើការសហការជាមួយរដ្ឋាភិបាល ទីក្រុងម៉ានីល សំដៅរិះរកវិធានការពាក់ព័ន្ធ​នា​នា​ដើម្បី​ជួយ​ជ្រោម​ជ្រែង​​ប្រទេស​​ហ្វីលីពីន» ហើយលោក អាបេ ក៏បានលើកឡើងដែរថា ជប៉ុនរីករាយជានិច្ច ក្នុងការផ្តល់ជា​មជ្ឈម​ណ្ឌល​កែ​ប្រែ​​គ្រឿង​ញៀន និង​កម្មវិធីព្យាបាលផ្សេងៗ។

ទន្ទឹមនឹងនេះលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានឆ្លើយតបទៅវិញថា៖ «ស្របពេលដែលហ្វីលីពីនបន្តអនុវត្តយុទ្ធនាការរបស់ខ្លួន ដើម្បីកម្ចាត់អំពើរត់ពន្ធ​គ្រឿងញៀន យើងសូមទទួលស្វាគមន៍ចំពោះការបង្ហាញពីទឹកចិត្តដ៏ល្អរបស់ភាគីជប៉ុន ក្នុងការជួយគាំទ្រវិធាន​ការ​សំដៅ​ដោះ​ស្រាយ​​បញ្ហា​ នៃ​ការ​ខាតបង់ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបង្កឡើងដោយគ្រឿងញៀន»

គួរបញ្ជាក់ថា​ យុទ្ធនាការកណ្តាប់ដៃដែកដើម្បីការបង្រ្កាបឧក្រិដ្ឋកម្មគ្រឿងញៀនដែលដឹកនាំលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ត្រូវបានបណ្តាញព័ត៌​មាន​​នៅ​ជុំវិញ​ពិភពលោក ចុះផ្សាយថា បានសម្លាប់ជីវិតមនុស្សជាង៦,០០០នាក់នៅប្រទេសហ្វីលីពីន គិត​ចាប់​តាំង​ពី​រូប​លោក​បាន​ជាប់​ឆ្នោត​ ​ជា​ប្រធានាធិបតី​កាល​ពី​ពាក់កណ្តាលឆ្នាំ២០១៦កន្លងទៅនេះ ហើយដោយសារតែរឿងនេះលោក ឌូតឺតេ បាន​ទទួល​រង​ការ​រិះ​គន់​ជា​ច្រើន​ពី​សំណាក់​សហ​រដ្ឋ​អាមេរិក​ សហភាពអឺរ៉ុប ក៏ដូចជាអង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សផ្សេងៗដទៃទៀតផងដែរ។

ដោយឡែកចំពោះការបំពេញទស្ស​នកិច្ចចំនួនពីរថ្ងៃរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ វិញ គឺជាដំណើរមកកាន់ប្រទេសហ្វីលីពីន​ ជាលើកដំបូង​បំផុត ដែលត្រូវបានធ្វើឡើងដោយមេដឹកនាំបរទេស បើគិតចាប់តាំងតែពី​ពេលលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានក្លាយជាមេដឹកនាំ​ហ្វីលីពីន ដែល​ប្រការនេះបានស្តែងឲ្យឃើញអំពីសារៈសំខាន់របស់ប្រទេសជប៉ុន ក្នុងនាមជាដៃគូពាណិជកម្ម ​និង​ជា​អ្នក​ផ្តល់ជំនួយ​ដ៏​ជិត​ស្និទ្ធ​បំផុត ​​របស់​​ប្រជា​ជាតិ​​នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ៕