(ម៉ូស្គូ)៖ រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានចាត់ទុកការខិតខំបង្កើនវត្តមាន នៃកងកម្លាំងយោធាអាមេរិក នៅតំបន់អឺរុបខាងកើត ដែលកៀកនឹងព្រំដែនប្រទេសរុស្ស៊ីថា ជាការគំរាមកំហែងផ្នែកសន្តិសុខជាតិយ៉ាងខ្លាំងក្លា បន្ទាប់ពីរថក្រោះជារាប់សិបគ្រឿងរួមជាមួយ និងកងទ័ពអាមេរិកជាច្រើនពាន់នាក់ត្រូវបានបញ្ចូនឆ្លងកាត់ ព្រំប្រទល់អាល្លឺម៉ង់ទៅកាន់ប្រទេសប៉ូឡូញនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្នុងនាមជាផ្នែកមួយការពង្រឹងកម្លាំងយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅអំឡុងពេល ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ នេះបើតាមសម្តីអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ដែលចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។
ជុំវិញបញ្ហានេះដែរ យោងតាមអ្នកនាំពាក្យយោធាប៉ូឡូញបានឲ្យដឹងថា កងទ័ពអាមេរិករួម និងរថក្រោះក៏ដូចជាបរិក្ខាយោធាទាំងប៉ុន្មានផ្សេងទៀត នឹងចាកចេញពីក្រុង Zagan ភាគខាងលិចប្រទេសប៉ូឡូញ ហើយត្រូវដាក់ពង្រាយនៅតាមបណ្តាទីតាំងជាច្រើនកន្លែង ក្នុងប្រទេសប៊ុលការី ប្រទេសរ៉ូម៉ានី និងប្រទេសអេស្តូនី។ មន្រ្តីយោធាដដែល (មិនបញ្ចេញអត្តសញ្ញាណ) បានបញ្ជាក់ថា កងកម្លាំងបន្ថែមទាំងនេះនឹងបង្កើនសមត្ថភាពទប់ទល់ នៅក្នុងតំបន់ក៏ដូចជា ពង្រឹងសមត្ថភាពរបស់ អាមេរិកក្នុងការឆ្លើបតប ទៅនឹងការប៉ះទង្គិចគ្នាណាមួយ ហើយនិងការពារបណ្តាប្រទេស ដែលជាសម្ព័ន្ធមិត្តរួមទាំងដៃគូសហការ។
គួបញ្ជាក់ថា សហរដ្ឋអាមេរិកបានចាប់ផ្តើមការដាក់ពង្រាយកងទ័ពប្រហែលជា៤,០០០នាក់ រួមជាមួយនិងរថក្រោះចំនួន៨៧គ្រឿង ទៅកាន់តំបន់អឺរ៉ុបខាងកើត ក្រោមហេតុផលទប់ស្កាត់ការពង្រីកឥទ្ធិពលយោធា និងដើម្បីកំញើញរុស្ស៊ីអាចនឹងលើកទឹកចិត្ត ឱ្យបណ្ដាប្រទេសតូចៗហ៊ានពើងទ្រូងដាក់ទីក្រុងមូស្គូ ក៏ប៉ុន្តែអ្នកវិភាគនយោបាយ និងសង្រ្គាមដ៏ជំនាញៗជាច្រើនរូបបានលើកឡើងថា វាក៏អាចនឹងបង្កឱ្យមានជម្លោះនៅក្នុងតំបន់ផងដែរ។ ដោយឡែកការបន្ថែមវត្តមានយោធាខាងលើគឺជាផ្នែកមួយនៃប្រតិបត្តិការ Atlantic Resolve ដែលត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិក កាលពីខែមេសា ឆ្នាំ២០១៤ ក្រោយការធ្វើបដិវត្តន៍ដែលគាំទ្រដោយអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន។
សូមជំរាបថា កាលពីដើមខែធ្នូ ឆ្នាំ២០១៦ រថយន្តពាសដែក ដែលផ្ទុកពេញដោយទ័ពម៉ារីន របស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ព្រៃស្រល់ដ៏ស្ងាត់ជ្រងំ ជាមួយនឹងសីតុណ្ហភាពត្រជាក់ក្រោម សូន្យអង្សាទៅកាន់តំបន់មួយ ដែលស្ថិតនៅឆ្ងាយពីខ្សែបន្ទាត់នៃតំបន់អាក់ទិក ខណៈដែលមាន Drone មិនស្គាល់អត្តសញ្ញាណ កំពុងហោះសំកាំងពីលើពួកគេ។
ទ័ពម៉ារីនរបស់អាមេរិកប្រមាណជា៣០០នាក់ កំពុងបោះមូលដ្ឋាននៅក្នុងប្រទេស ណ័រវេ ដែលនេះជាផ្នែកមួយនៃវិធានការណ៍ ក្នុងគោលដៅធានារក្សាសុវត្ថិភាព ដល់ប្រទេសណ័រវេ ដែលជាសមាជិកមួយរបស់អង្គការណាតូ ដែលមានដែនដីស្ថិតនៅចុងបំផុតនៃទ្វីបអឺរ៉ុប។ បើទោះបីជាទីតាំងនៃមូលដ្ឋាននេះស្ថិតនៅចម្ងាយ ប្រមាណ១០០០គីឡូម៉ែត ពីបន្ទាត់ព្រំដែន ប៉ុន្តែនេះជាគម្រោងមួយក្នុងគោលដៅជម្រុញការត្រៀមខ្លួន សម្រាប់ការធ្វើសង្គ្រាម៕