(ឡុងដ៍)៖ ជើងហោះហើរជាង៨០ ដែលធ្វើដំណើរទៅក៏ដូចជាមកអាកាសយានដ្ឋាន Heathrow ក្នុងទីក្រុងឡុងដ៍ត្រូវបានបង្ខំឲ្យលុបចោល ដោយសារតែអាកាសធាតុមិនអំណោយផលនៅចក្រភពអង់គ្លេស នាថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Independent នៅយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។
ទីបញ្ជាការគ្រប់គ្រងការហោះហើរ (NATS) នៅឯព្រលានយន្តហោះខាងលើ នឹងធ្វើដាក់បំរាមមិនឲ្យមានការចុះចតណាមួយនោះឡើយ ចាប់ពីម៉ោង៣៖០០នាទីរសៀល ថ្ងៃព្រហស្បតិ៍នេះតទៅ (ម៉ោងនៅក្នុងទីក្រុងឡុងដ៍) ដើម្បីអនុញ្ញាតឲ្យក្រុមការងារ នៅលើដីអាចធ្វើការបោសសម្អាតគំនរព្រិលចេញពីផ្លូវហោះហើរ ក្នុងអាកាសយានដ្ឋានដែលមមាញឹកជាទីបំផុតប្រចាំទ្វីបអឺរ៉ុបមួយនេះ។ ម៉្យាងវិញទៀតយន្តហោះនានា នៅឯអាកាសយានដ្ឋាន ក៏តម្រូវឲ្យឆ្លងកាត់ការរំលាយទឹកកក ដែលបានកកជាប់នឹងយន្តហោះផងដែរ ដោយប្រការនេះអាចនឹងអូសបន្លាយពេលវេលា នៃជើងហោះហើរ។
គួរបញ្ជាក់ថាអាកាសចរណ៍ British Airways តែឯងប៉ុណ្ណោះបានសម្រេចលុបចោលជើងហោះចាកចេញ ក៏ដូចជាមកដល់ចំនួន៦០ រវាងអាកាស Heathrow នឹងទីតាំងមួយចំនួននៅជុំវិញទ្វីបអឺរ៉ុបរួមមានទាំងទីក្រុង Edinburgh ប្រទេសស្កុតឡែន, ទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់, ទីក្រុង Geneva ប្រទេសស្វីស, ទីក្រុង Madrid ប្រទេសអេស៉្បាញ, ទីក្រុង Milan និងរដ្ឋធានី Rome ប្រទេសអ៊ីតាលី៕