(រុស្ស៊ី)៖ យោងតាមសារព័ត៌មាន Skynews ចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា រដ្ឋាភិបាលវិមានក្រឹមឡាំងរបស់រុស្ស៊ី បានប្រកាសថា កងទ័ពអាមេរិកដែលកំពុងមានវត្តមាននៅក្នុងប្រទេស ប៉ូឡូញ គឺជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់រុស្ស៊ី។
សូមជំរាបថា កាលពីដើមខែធ្នូ ឆ្នាំ២០១៦ សារព័ត៌មាន CNN របស់អាមេរិកបានចេញផ្សាយជាមួយចំណងជើងថា៖ «តើការធ្វើសមយុទ្ធទ័ពម៉ារីនអាមេរិក នៅបន្ទាត់ព្រំដែន ណ័រវេ-រុស្ស៊ី ជាការចាប់ផ្តើមសង្គ្រាមត្រជាក់ជំនាន់ថ្មី?»
រថយន្តពាសដែក ដែលផ្ទុកពេញដោយទ័ពម៉ារីនរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ព្រៃស្រល់ដ៏ស្ងាត់ជ្រងំ ជាមួយនឹងសីតុណ្ហភាពត្រជាក់ក្រោម សូន្យអង្សាទៅកាន់តំបន់មួយ ដែលស្ថិតនៅឆ្ងាយពីខ្សែបន្ទាត់នៃតំបន់អាក់ទិក ខណៈដែលមាន Drone មិនស្គាល់អត្តសញ្ញាណ កំពុងហោះសំកាំងពីលើពួកគេ។
ទ័ពម៉ារីនរបស់អាមេរិកប្រមាណជា៣០០នាក់ កំពុងបោះមូលដ្ឋាននៅក្នុងប្រទេស ណ័រវេ ដែលនេះជាផ្នែកមួយនៃវិធានការណ៍ក្នុងគោលដៅធានារក្សាសុវត្ថិភាព ដល់ប្រទេសណ័រវេ ដែលជាសមាជិកមួយរបស់អង្គការណាតូ ដែលមានដែនដីស្ថិតនៅចុងបំផុតនៃទ្វីបអឺរ៉ុប។ បើទោះបីជាទីតាំងនៃមូលដ្ឋាននេះស្ថិតនៅចម្ងាយ ប្រមាណ១០០០គីឡូម៉ែត ពីបន្ទាត់ព្រំដែន ប៉ុន្តែនេះជាគម្រោងមួយក្នុងគោលដៅជម្រុញការត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាម៕