(បាងកក)៖ ការកក់សណ្ឋាគាររបស់ជនជាតិចិននៅប្រទេសថៃ សម្រាប់ឱកាសនៃពិធីបុណ្យចូលថ្មីប្រពៃណីចិននោះ បានជួបប្រទះនឹងការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយសារតែយុទ្ធនាការបង្រ្កាបការធ្វើដំណើរទេសចរណ៍ជាកញ្ចប់ដែលមានតំលៃថោក កំពុងជះផលអាក្រក់ដល់ចំនួនអ្នកធ្វើដំណើរតាមមធ្យោបាយផ្សេងទៀត ដែលអាចផ្តល់ចំណូលច្រើនជាងដល់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។
វិស័យទេសចរណ៍កាន់តែមានសារៈសំខាន់ខ្លាំងឡើងសម្រាប់ប្រទេសថៃ ដោយសារតែកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងដើរយឺតយ៉ាវជាង ប្រទេសសេដ្ឋកិច្ចដទៃៗទៀតស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍។ ដោយឡែកនៅចន្លោះឆ្នាំ២០១២ និងឆ្នាំ២០១៦ ចំនួនភ្ញៀវទេសចរចិនបានកើនឡើងក្នុងចំនួនដ៏ច្រើនលើសលប់បើធៀបទៅនឹងចំនួនជនបរទេសដែលបានធ្វើដំណើរទៅកម្សាន្តនៅប្រទេសថៃនាពេលនោះ។ ក៏ប៉ុន្តែយុទ្ធនាការបង្រ្កាបការធ្វើដំណើរទេសចរណ៍ជាកញ្ចប់ ដែលមានតំលៃថោកកាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះបានបណ្តាលឲ្យជួបញ្ហាធ្លាក់ចុះ ហើយអាជ្ញាធរថៃនឹងអាចស្តារឡើងវិញបាននៅមុនឱកាសឈប់សម្រាកនៃបុណ្យចូលឆ្នាំចិននាថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
គួរបញ្ជាក់ថាអាជ្ញាធរទេសចរណ៍ថៃរំពឹងថានឹងមានការថយចុះក្នុងអត្រា ៧.៧ភាគរយនៃចំនួនភ្ញៀវទេសចរចិនដែលមកលេងកម្សាន្តនៅឯប្រទេសថៃនាបុណ្យចូលឆ្នាំចិនខាងមុខនេះ ប៉ុន្តែនឹងមានការកើនឡើងក្នុងអត្រា ៣.៩ភាគរយនូវចំនួនភ្ញៀវទេសចរមកពីបណ្តាប្រទេសផ្សេងៗដទៃទៀត ហើយអ្វីដែលសំខាន់នោះប្រទេសថៃបានព្យាករណ៍ថា ចំនួនភ្ញៀវទេសចរចិននឹងកើនឡើងវិញនៅអំឡុងឆ្នាំ២០១៧នេះ។
ដោយឡែកការធ្វើដំណើរទេសចរណ៍ជាកញ្ចប់ដែលមានតំលៃថោក (Zero-Dollar Package Tours) តម្រូវឲ្យភ្ញៀវទេសចរបង់ថ្លៃឲ្យហើយមុនរួចជាស្រេច នៅក្នុងតម្លៃថោកសមរម្យដោយអ្នកទទួលបន្ទុកលើប្រតិបត្តិការទេសចរណ៍ បានកាត់បន្ថយការចំណាយនានាតាមដែលអាចធ្វើទៅបាន ប៉ុន្តែពេលខ្លះក្រុមភ្ញៀវទេសចរត្រូវបង្ខំឬក៏បញ្ចុះបញ្ចូលឲ្យទិញវត្ថុអនុស្សាវរីយ៍ផ្សេងៗដែលតម្លៃថ្លៃកប់ពពក ដែលទង្វើនេះហើយគឺជាអ្វីដែលប្រទេសថៃចង់លុបបំបាត់ចោលឲ្យខាងតែបាន៕