(ម៉ានីល)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានធ្វើដំណើរមកដល់ប្រទេសហ្វីលីពីនហើយ នៅថ្ងៃព្រហស្បតិ៍នេះ ហើយលោកក៏បានក្លាយជាមេដឹកនាំបរទេសទីមួយផងដែរ ដែលមកបំពេញទស្សនកិច្ចនៅហ្វីលីពីនដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូតឺតេ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។
គ្រប់គ្នាពិតជាមើលឃើញថាប្រទេសជប៉ុន កំពុងតែព្យាយាមបង្កើនចំណងមិត្តភាពឲ្យកាន់តែស្អិតល្មួតជាមួយនឹងហ្វីលីពីន ក៏ព្រោះតែនៅក្នុងរដ្ឋបាលដឹកនាំរបស់លោក ឌូតឺតេ ប្រទេសហ្វីលីពីនបាននិងកំពុងរំកិលខ្លួនកាន់តែឆ្ងាយពីសហរដ្ឋអាមេរិក រួចទៅជិតស្និទ្ធជាមួយនឹងប្រទេសចិន និងរុស្ស៊ីវិញ។ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចរយៈពេលពីរថ្ងៃនៅហ្វីលីពីន លោក អាបេ នឹងបន្តដំណើរទៅកាន់ប្រទេស អូស្ត្រាលី ឥណ្ឌូណេស៊ី និងវៀតណាមដែលគេរំពឹងថា ជាគោលដៅក្នុងការពង្រឹងវិស័យពាណិជ្ជកម្មរបស់ជប៉ុនក្នុងតំបន់ប៉ាស៊ីហ្វិក។
គួរបញ្ជាក់ថាមុនចាកចេញពីទីក្រុងតូក្យូ មកកាន់ទីក្រុងម៉ានីល លោក អាបេ បានប្រាប់អ្នកសារព័ត៌មាននានាយ៉ាងដូច្នេះថា «ខ្ញុំចង់ធ្វើការផ្លាស់ប្តូរទស្សនជុំវិញបញ្ហាទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់ទាំងឡាយ ហើយក៏ចង់ឆ្លៀតឱកាសក្នុងការពិភាក្សាស្វែងរកដំណោះស្រាយដែលអាចទៅរួចដើម្បីរក្សាឲ្យបាននូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់»។
ដោយឡែកជុំវិញសង្គ្រាមគ្រឿងញៀន ដែលសារព័ត៌មាននានាចុះផ្សាយថាបានឆក់យកជីវិតមនុស្សជាង ៦.០០០នាក់ក្នុងរយៈពេលកន្លះឆ្នាំនោះវិញ រដ្ឋាភិបាលជប៉ុនមិនបានធ្វើការរិះគន់ចំពោះអ្វីដែលពិភពលោកបានថ្កោលទោសហ្វីលីពីនជាច្រើនដងនោះឡើយ ក៏ព្រោះតែលោក ឌូតឺតេ កាលទៅបំពេញទស្សនកិច្ចនៅទីក្រុងតូក្យូ បានបង្ហាញពីជំហរទន់ភ្លន់ដោយធ្វើការកោតសរសើរ និងដឹងគុណជានិច្ចចំពោះជប៉ុន ដែលជាអ្នកជួយហ្វីលីពីនច្រើនជាងគេកន្លងមក៕