(សេអ៊ូល)៖ អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក បាន គីមូន ដែលនឹងធ្វើដំណើរវិលត្រឡប់មកដល់ប្រទេសកំណើតវិញនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ នៅតែបន្តស្ថិតនៅលេខរៀងទីពីរក្នុងការស្ទង់មតិស្តីពី បេក្ខភាពដែលសាកសមនឹងតំណែងប្រធានាធិបតីកូរ៉េខាងត្បូងថ្មី ដែលត្រូវបានធ្វើឡើងជាបន្តបន្ទាប់នារយៈពេលពីរសប្តាហ៍កន្លងមក។ នេះបើតាមការបង្ហាញពីការស្ទង់មតិចុងក្រោយបំផុតមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។
យោងតាមការស្ទង់មតិខាងលើដែលមានការចូលរួមពី ប្រជាជនកូរ៉េខាងត្បូងចំនួន ១,៥១១នាក់ និងត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃចន្ទរហូតដល់ថ្ងៃពុធសប្តាហ៍នេះបានបង្ហាញថា លោក បាន គីមូន ដែលទើបតែបានបញ្ចប់អាណត្តិទីពីរជាប្រមុខដឹកនាំកំពូល UN កាលពីចុងឆ្នាំ២០១៦ មានសំឡេងគាំទ្រ ២០.៣ភាគរយ ហើយអត្រានេះបានអត្រាបានធ្លាក់ចុះ ១.២ភាគរយប្រៀបធៀបនឹងសប្តាហ៍មុន។
ដោយឡែកបន្ទាប់ពីបានប្រគល់តំណែងជាអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ទៅឲ្យអតីតនាយករដ្ឋមន្រ្តីព័រទុហ្គាល់ Antonio Guterres លោក បាន គីមូន ត្រូវគេរំពឹងថានឹងមកដល់អាកាសយានដ្ឋានអន្តរជាតិមួយកន្លែងដែលស្ថិតនៅទីក្រុង Incheon ភាគខាងលិចប្រទេសកូរ៉េខាងត្បូងនាវេលាម៉ោងប្រហែល ៥៖០០នាទីល្ងាចថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅក្នុងរដ្ឋធានីសេអ៊ូល)។
គួរបញ្ជាក់ដែរថាបុគ្គលដែលបន្តគ្រប់គ្រងលេខរៀងទីមួយជាប់ៗគ្នាក្នុងរយៈពេលពីរសប្តាហ៍នេះនៅក្នុងការស្ទង់មតិវិញគឺលោក Moon Jae-In ដែលជាអតតីប្រធានគណបក្សប្រឆាំង Minjoo ដ៏ធំជាងគេបង្អស់នៅកូរ៉េខាងត្បូងជាមួយនឹងសំឡេងគាំទ្រ ២៧.៩ភាគរយនៅក្នុងការស្ទង់មតិនាសប្តាហ៍នេះ៕