(ម៉ូស្គូ)៖ រុស្ស៊ីកំពុងរៀបចំគំរោងក្នុងដាក់ពង្រាយសព្វាវុធទំនើបៗជំនាន់ថ្មីបំផុតនៅពាសពេញផ្ទៃប្រទេស ដោយនៅថ្ងៃព្រហស្បតិ៍នេះមេបញ្ជាការយោធាធំៗ បានបើកការជជែកពិភាក្សាគ្នាក្នុងការបង្កើតកងអង្គភាពយោធាថ្មីៗដែលផ្តោតសំខាន់លើការការពារប្រឆាំងនឹងយន្តហោះ Drone (គ្មានអ្នកបើកបរ)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។
ប្រភពដដែលបានឲ្យដឹងថា ការបង្កើនសមត្ថភាពការពារខ្លួនប្រឆាំងនឹងយន្តហោះ Drone ជាមួយការបង្កើតឡើងថ្មីនូវកងអង្គភាពយោធាសំខាន់ៗបានស្ថិតក្នុងប្រធានបទដែលត្រូវបានជជែកពិភាក្សានៅសន្និសីទស្តីពីប្រព័ន្ធមីស៊ីលយោធា ដែលប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍នេះក្នុងតំបន់ Amur Oblast ហើយជំនួបនេះក៏បានលើកឡើងអំពីគំរោងនៃការធ្វើសមយុទ្ធយោធា ក្នុងយុទ្ធសាស្រ្តទ្រង់ទ្រាយធំមួយ ដែលនឹងមានការចូលរួមពីកងកម្លាំងការពារដែនអាកាស នៅឯតំបន់ Buryatia។
គួរបញ្ជាក់ដែរថា នាពេលថ្មីៗនេះគេសង្កេតឃើញថា ប្រទេសរុស្ស៊ីបានខិតខំបង្កើនសមត្ថភាពយោធារបស់ខ្លួនយ៉ាងសស្រាក់សស្រាំ និងបានផ្តោតសំខាន់ទៅលើការពារប្រទេស ដោយបានដាក់ពង្រាយសព្វាវុធទំនើបៗនៅពេញផ្ទៃប្រទេស ហើយថែមទាំងបានធ្វើសមយុទ្ធយោធាជាច្រើនលើកច្រើនសាទៀតផង។
សូមជំរាបថា សារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧ បានចេញផ្សាយថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានចាត់ទុកការខិតខំបង្កើនវត្តមាន នៃកងកម្លាំងយោធាអាមេរិក នៅតំបន់អឺរុបខាងកើត ដែលកៀកនឹងព្រំដែនប្រទេសរុស្ស៊ីថា ជាការគំរាមកំហែងផ្នែកសន្តិសុខជាតិយ៉ាងខ្លាំងក្លា បន្ទាប់ពីរថក្រោះជារាប់សិបគ្រឿងរួមជាមួយ និងកងទ័ពអាមេរិកជាច្រើនពាន់នាក់ត្រូវបានបញ្ចូនឆ្លងកាត់ ព្រំប្រទល់អាល្លឺម៉ង់ទៅកាន់ប្រទេសប៉ូឡូញនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្នុងនាមជាផ្នែកមួយការពង្រឹងកម្លាំងយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅអំឡុងពេល ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ នេះបើតាមសម្តីអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ។
ជុំវិញបញ្ហានេះដែរ យោងតាមអ្នកនាំពាក្យយោធាប៉ូឡូញបានឲ្យដឹងថា កងទ័ពអាមេរិករួម និងរថក្រោះក៏ដូចជាបរិក្ខាយោធាទាំងប៉ុន្មានផ្សេងទៀត នឹងចាកចេញពីក្រុង Zagan ភាគខាងលិចប្រទេសប៉ូឡូញ ហើយត្រូវដាក់ពង្រាយនៅតាមបណ្តាទីតាំងជាច្រើនកន្លែង ក្នុងប្រទេសប៊ុលការី ប្រទេសរ៉ូម៉ានី និងប្រទេសអេស្តូនី។ មន្រ្តីយោធាដដែល (មិនបញ្ចេញអត្តសញ្ញាណ) បានបញ្ជាក់ថា កងកម្លាំងបន្ថែមទាំងនេះនឹងបង្កើនសមត្ថភាពទប់ទល់ នៅក្នុងតំបន់ក៏ដូចជា ពង្រឹងសមត្ថភាពរបស់ អាមេរិកក្នុងការឆ្លើបតប ទៅនឹងការប៉ះទង្គិចគ្នាណាមួយ ហើយនិងការពារបណ្តាប្រទេស ដែលជាសម្ព័ន្ធមិត្តរួមទាំងដៃគូសហការ៕