(សេអ៊ូល)៖ កូរ៉េខាងត្បូងបានសារទរចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដាក់បញ្ចូលបន្ថែម មន្ត្រីចំនួន ០៧រូប និងស្ថាប័នចំនួន ០២ ក្នុងនោះរួមមានទាំងប្អូនស្រីមេដឹកនាំទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូជុង ទៅក្នុងបញ្ជីខ្មៅនៃក្រុមបុគ្គល និងអង្គភាពឬស្ថាប័នដែលជាអ្នកទទួលខុសត្រូវលើការរំលោភបំពានសិទ្ធិមនុស្សនៅកូរ៉េខាងជើង ហើយជាមួយគ្នានោះដែរទីក្រុងសេអ៊ូល ក៏បានកត់សម្គាល់ដែរថាការសម្រេចចិត្តបែបនេះ បានបង្ហាញយ៉ាងច្បាស់ថាទីក្រុងវ៉ាស៊ីនតោននៅតែយកចិត្តទុកដាក់ជាអទិភាពលើនយោបាយរបស់ខ្លួនប្រឈមមុខនឹងប្រទេសកុម្មុយនីស្ដដ៏ឯកោមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា «វិធានការនេះគួរតែអាចនឹងធ្វើឱ្យពិភពលោកកាន់តែចាប់អារម្មណ៍ លើស្ថានភាពរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងប្រទេសកូរ៉េខាងជើង ក៏ដូចជាចូលរួមចំណែកបង្កើនកិច្ចពិភាក្សាជជែកដេញដោលលើប្រធានបទនេះ និងជំរុញឱ្យសហគមន៍អន្តរជាតិចាត់វិធានការប្រកបដោយសកម្មភាពយ៉ាងរឹងមាំមួយ។ ទោះបីជា រដ្ឋាភិបាលកូរ៉េខាងត្បូងនៅតែអំពាវនាវឱ្យរបបដឹកនាំទីក្រុងព្យុងយ៉ាងកែលម្អរជាបន្ទាន់នូវស្ថានភាពសិទ្ធិមនុស្ស ព្រមទាំងឆ្លើយតបនឹងសំណើរបស់សហគមន៍អន្តរជាតិ»។
គួរបញ្ជាក់ថាកូរ៉េខាងជើងធ្លាប់រិះគន់ជាច្រើនដងរួចមកហើយ ចំពោះរបាយការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិដោយថ្កោលទោសថាវាគ្រាន់តែជាការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការផ្ដួលរំលំរបបដឹកនាំរបស់លោក គីម ជុងអ៊ុន តែប៉ុណ្ណោះ។ ចំណែកឯក្រុមអ្នកជំនាញមួយចំនួនយល់ថា កូរ៉េខាងជើងអាចនឹងធ្វើសកម្មភាពឆ្លើយតបនឹងវិធានការដាក់ទណ្ឌកម្មនៅពេលនេះ៕